(ភ្នំពេញ)៖ គិតមកត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ នៅកម្ពុជាមានអ្នកប្រើប្រាស់ សេវាទូរស័ព្ទចល័តចំនួនជិត១៩លានស៊ីមកាត, អ្នកប្រើប្រាស់ Internet ទាំងចល័ត និងអចល័តចំនួនជិង១២លាននាក់ និងអ្នកប្រើប្រាស់ Facebook ប្រមាណ ៦.៨លានគណនី។ នេះបើយោងតាមរបាយការណ៍ របស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ។
របាយការណ៍បានបញ្ជាក់លម្អិតថា គិតមកដល់ត្រឹមខែមិថុនា ឆ្នាំ២០១៨នេះ នៅកម្ពុជាមានអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តចំនួន១៨,៩១១,៧៣២ស៊ីមកាត ស្មើនឹងចំនួន១១៦ភាគរយ នៃចំនួនប្រជាជនកម្ពុជា ដែលមានចំនួនជាង១៦លាននាក់។
ដោយឡែកសម្រាប់ ចំនួនអ្នកប្រើប្រាស់សេវា Internet នៅកម្ពុជាវិញ មានចំនួនសរុប១១,៩០០,៤៣៣លាននាក់ ក្នុងនោះអ្នកប្រើប្រាស់ internet ចល័ត (ទូរស័ព្ទដៃ) មានរហូតដល់១១,៧៦៩,៨២៧នាក់ ស្មើនឹង៧២ភាគរយ និងសេវា Internet អចល័តចំនួន ១៣០,៦១៦នាក់ ស្មើនឹង០.៨០ភាគរយ។
ចំណោះអ្នកប្រើប្រាស់ Facebook វិញ រហូតមកដល់ពេលនេះ មានអ្នកប្រើប្រាស់រហូតដល់៦.៨លានគណីន បើធៀបកាលពីចុងឆ្នាំ២០១៧ មានត្រឹមតែ៤.៨លានគណនី និងចុងឆ្នាំ២០១៣ មានតែ១.២លានគណនី តែប៉ុណ្ណោះ។
លោក អ៊ឹម វុត្ថា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា បានថ្លែងកត្តាដែលជំរុញឲ្យមាន វិស័យទូរគមនាគមន៍កម្ពុជា មានការរីកចម្រើនបែបនេះ ដោយសារការជំរុញផ្តល់សេវាទូរគមនាគមន៍កាន់តែទូលំទូលាយ, កំណើនសេដ្ឋកិច្ចរបស់កម្ពុជា កើតឡើង៧ភាគរយជារៀងរាល់ឆ្នាំ ដែលនាំកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា កាន់តែមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូន រួមផ្សំនឹងចំណេះដឹងរបស់ប្រជាជនកម្ពុជា ក្នុងវិស័យនេះកាន់តែរីកចម្រើន៕