(​បន្ទាយមានជ័យ​)៖​ ទេសរដ្ឋមន្ដ្រី សេរី កុសល អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានប្រកាសទទួលស្គាល់​សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមកពីគណបក្សប្រឆាំងសរុបជិត២,០០០នាក់ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ។

ក្នុងនោះមានវត្ដមាន លោក ខាន់ សាវឿន ដែលជាអតីតមេទ័ពមួយរូប និងជាអនុប្រធានខាងគណបក្សរួបរួមជាតិពីអតីតកាល, លោក ខូ ឈា ដែលជាអតីតមេទ័ពមកបីគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក ឈឹម សាខន ផងដែរ។

ក្នុងឱកាសនេះ ទេសរដ្ឋមន្ដ្រី សេរី កុសល បានជម្រាបជូនអង្គពិធីពីប្រវត្តិ នៃដើមកំណើតរបស់គណបក្ស និងសមិទ្ធផលស្នាដៃធំៗ ជាប្រវត្តិសាស្រ្តក្នុងការអភិវឌ្ឍ​របស់គណបក្ស​ចំពោះប្រទេសជាតិ ព្រមទាំងសភាពការណ៍នយោបាយ និងធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាបន្តបន្ទាប់។

ទេសរដ្ឋមន្ដ្រី សេរី កុសល ក៏បានប្រាប់​សមាជិកថ្មីទាំងអស់ថា ត្រូវខិតខំផ្សព្វផ្សាយ និងបញ្ជ្រៀបគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ជូន​ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យស្ដាប់ ការឃោសនាបោកប្រាស់របស់គណបក្សមួយចំនួន។

លោកក៏បានបញ្ជាក់ថា ទោះជាគណបក្សប្រជាជនកម្ពុជា បានធ្វើល្អយ៉ាង​ណាក៏ដោយ តែនៅមានក្រុមជនអគតិផ្កាប់មុខមួយចំនួន បានស្រែកឃោសនាបោកប្រាស់ មិនឲ្យប្រជាពលរដ្ឋ​ទៅបោះ​ឆ្នោតនាពេលខាងមុខនេះ ដែលជាអំពើខុសច្បាប់រួចទៅហើយ ដូច្នេះសូម​ប្រជាពលរ​ដ្ឋឈប់ចាញ់បោក​ពួកក្រុមនេះបន្តទៀត ដែលជាអ្នកអូសទាញឲ្យទៅជាប់ពាក់ព័ន្ធនឹងទោសទណ្ឌឲ្យសោះ​។

អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ​ចំពោះសមាជិក សមាជិកា គណប្រជាជនកម្ពុជាថ្មីទាំងអស់ ដែលបានមើលឃើញ និងជឿកជាក់លើកការ ដឹកនាំរបស់គណបក្ស​ និងគាំទ្រគណបក្សប្រជាជនកម្ពុជា​។ ដើម្បីធានានូវសន្តិភាព និងនិរន្តរភាព នៃការអភិវឌ្ឍ​ សូម​បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។

សូមបញ្ជាក់ថា ទេសរដ្ឋមន្ដ្រី សេរី កុសល បានចុះប្រកាសទទួលស្គាល់​សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកថ្មពួក និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមកពីគណបក្សប្រឆាំង ជារៀងរាល់ថ្ងៃ ដែលក្នុងកម្មវិធីនីមួយៗ មានអ្នកចូលរួមលើសពី៥០០នាក់ មកសុំចូលរួមរស់ជាគណបក្សប្រជាជនកម្ពុជា។

ក្នុងពិធីនោះ លោក ខាន់ សាវឿន បានលើកឡើងពីនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលមិនមែនជានយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ដែលជាក់ស្តែងវត្ដមានលោកផ្ទាល់ និងមេទ័ពចលនាតស៊ូផ្សេងទៀត ដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺបានទទួលនូវការ កក់ក្ដៅខ្លាំងណាស់ និងមិនមានការរើសអើងនោះទេ៕