(កំពង់ចាម)៖ ផ្លូវក្រាលក្រួសក្រហមប្រវែង ៣,៥៥គីឡូម៉ែត្រ ទំហំខ្នងលើ ៦ម៉ែត្រ មានបង្កប់លូប្រអប់ ១កន្លែង និងលូមូល ៥កន្លែង ឆ្លងកាត់ភូមិអង ភូមិគូ និងភូមិកោះតាភេម ក្នុងឃុំត្រពាំងព្រះ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ដោយមានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការនៃអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់។
នៅឯពិធីបើកការដ្ឋានដែលរៀបចំឡើង កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ បានចាត់ទុកផ្លូវក្រាលក្រួលក្រហមនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ស្រុកព្រៃឈរ ដែលបង្ហាញពីភាពរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ។ លោករដ្ឋមន្ត្រី បានបង្ហាញជំនឿថា នៅថ្ងៃអនាគត ផ្លូវមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសការដឹកជញ្ជូនកសិផល ទៅកាន់គោលដៅទីផ្សារនានា បានកាន់តែឆាប់រហ័ស។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានសហការលើកគម្រោងសាងសង់ផ្លូវលំនេះឡើង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ភូមិ/ឃុំ របស់ រាជរដ្ឋាភិបាល សំដៅចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្តល់ជូនហេដ្ឋានរចនាសម្ព័ន្ធល្អប្រសើរ សម្រាប់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ។
លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ ការថែរក្សាសុខសន្តិភាព និងការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោករដ្ឋមន្ត្រី ក៏បានលើកយកសមិទ្ធផលសំខាន់ៗរយៈពេលជាង ២០ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងបន្តការដឹកនាំ និងអភិវឌ្ឍន៍កម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
គួររំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានកសាងផ្លូវនៅតាមទីប្រជុំជន និងតាមតំបន់ដាច់ស្រយាលប្រមាណ ៤ម៉ឺនគីឡូម៉ែត្រ ផ្លូវជាតិ និងផ្លូវខេត្តសរុបជាង ២ម៉ឺនគីឡូម៉ែត្រ គ្រឹះស្ថានអប់រំជាតិជាង ១ម៉ឺនកន្លែង និងមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យបង្អែក បុស្តិ៍សុខភាព និងមណ្ឌលសុខភាព) សរុបជាង ២ពាន់កន្លែង។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានតភ្ជាប់អគ្គិសនី ទៅកាន់លំនៅដ្ឋានប្រជាពលរដ្ឋជាង ៨០% នៃភូមិទាំងអស់ ទូទាំងប្រទេសកម្ពុជា។ ចំណែកផ្នែកសង្គមកិច្ច និងសេវាកម្ម រដ្ឋបានទម្លាក់ថ្លៃអគ្គិសនី មកនៅត្រឹម ៦១០រៀល បានដំឡើងប្រាក់បៀវត្សអប្បបរមាជូនសាស្ត្រាចារ្យ មន្រ្តីរាជការ និងកងកម្លំាងប្រដាប់អាវុធ ១លានរៀល និងប្រាក់បៀវត្សគោលជូនកម្មករនិយោជិត ១៧០ដុល្លារ ដោយមិនទាន់បូកបញ្ចូលអត្ថប្រយោជន៍ផ្សេងៗ ពីការអនុវត្តគោលនយោបាយគាំពារសង្គម៕