(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ មើលឃើញថា កង់បីដែលនាំចូលពីបរទេស ដែលហៅថា «កង់បីឥណ្ឌា» កំពុងវាយលុកទីផ្សារកម្ពុជាយ៉ាងខ្លាំង ហើយបើក្រឡែកមើលការបើកក្រុមហ៊ុន App ហៅកង់បីវិញ ក៏កំពុងមានសន្ទុះកើនឡើងដំណាលគ្នាផងដែរ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន CityApp Express ដែលជាក្រុមហ៊ុន ហៅកង់បី បានបើដំណើរមួយទៀតហើយនៅក្នុងប្រទេសកម្ពុជា។ CityApp ជាក្រុមហ៊ុនក្នុងស្រុកមួយបង្កើតឡើង ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ស្តង់ដារ អាជីវកម្មដឹកជញ្ជូនក្រៅប្រព័ន្ធ កាត់បន្ថយភាពតានតឹងរវាងអ្នកដំណើរ និងអ្នកផ្តល់សេវា លើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋ តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយដែលពិភពលោកកំពុងពេញនិយម ដែលប្រើប្រាស់ជាមួយ Smart Phone។
បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុន App ហៅកង់បីជាច្រើនដូចជា Grab, PassApp, We Go, 711 Taxi, Exnet, Camgo, Fastgo, iTsumo, Tos Tov , EZGo ហើយក្នុងថ្ងៃនេះក៏បន្ថែម ក្រុមហ៊ុនថ្មីហៅកង់បី មួយទៀតហើយគឺ CityApp នេះ។
ថ្លែងក្នុងកម្មវិធី បើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន CityApp Express នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ប៉ិច សូលី អគ្គនាយកក្រុមហ៊ុន CityApp ថា សម្រាប់ការបើកដំណើរការក្រុមហ៊ុន CityApp ហៅកង់បីនេះនឹងទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជនព្រោះថា ក្រុមហ៊ុន CityApp ជាក្រុមហ៊ុនដែលបម្រើអតិថិជន ចេញពីបេះដូង និងធ្វើការដោយយកចិត្តទុកដាក់បំផុត។
លោកបន្ដទៀតថា បន្ថែមលើសពីនេះ ក្រុមហ៊ុននឹងពង្រឹងសេវាកម្ម ឲ្យកាន់តែល្អប្រសើរ ក្នុងការបម្រើអតិថិជន ហើយដើម្បីគាំទ្រដល់ដៃគូជាអ្នកប្រកបរបដឹកជញ្ជូន CityApp និងខិតខំបង្កើតកម្មវិធីផ្សព្វផ្សាយ ឲ្យបងប្អូនប្រជាពលរដ្ឋទូទៅបានដឹង និងស្គាល់ពីកម្មវិធីនេះ។
លោកបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនមានផែនការពង្រីកសេវាកម្ម របស់ខ្លួននៅតាមបណ្ដាខេត្តក្រុងសំខាន់ៗ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងពង្រីកការវិនិយោគទុន ដោយផ្ទាល់បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃការគាំទ្រ។
សូមបញ្ជាក់ថា ក្រុមហ៊ុន CityApp មានដៃគូរសហការចំនួន៨០០រយគ្រឿង សម្រាប់បំរើសេវាកម្មក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះមានម៉ូតូកង់បីចំនួន៣០គ្រឿងសម្រាប់ ជួលដំណើរការដល់អតិថិជន បន្ថែមលើសពីនេះក្រុមហ៊ុនមានផែនការពង្រីកសេវាកម្ម របស់ខ្លួនតាមបណ្ដាលខេត្តក្រុងនានាថែមទៀតផង៕