(ស្វាយរៀង)៖ លោក ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយជួយខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធដើម្បីនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។
ការថ្លែងអំពាវនាវយ៉ាងដូច្នេះ ខណៈដែលលោក និងលោកស្រី នាងសេដ្ឋា ជៀងអំ និងក្រុមការងារអញ្ជើញចូលរួមប្រគេនទៀន និងទ័យ្យទានចំនួន ៥វត្ត នៅវត្តទួលតាកែវឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សរុបថវិកាចំណាយអស់ ៣៧លានរៀល។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងថា សន្តិភាពដែលទទួលបានជិត៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទរទេ ដោយចាប់ផ្តើមកសាង និងជម្រុញការអភិវឌ្ឍឲ្យមានការរីកចម្រើន ដោយមិនដែលភូតភរកុហក ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។
នៅក្នុងឱកាសនោះផងដែរ លោកក៏បានបញ្ជាក់ថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព៕