(ព្រៃវែង)៖ បន្ទាប់ពីបានទទួលស្វាគមន៍ និងចូលរួមក្បួនហែយុទ្ធនាការឃោសនាបោះឆ្នោតដ៏ធំអធិកអធមមួយ ដែលដឹកនាំផ្ទាល់ដោយសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាឆ្លងកាត់ស្រុកបាភ្នំ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ រួចមក នៅរសៀលថ្ងៃដដែល និងព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និវត្តន៍ជន យុវសិស្សថ្នាក់ទី១២ដែលដល់អាយុបោះឆ្នោតទូទាំងស្រុក និងកម្មករ ពលករចំណាកស្រុកមួយចំនួន ព្រមទាំងប្រជាពលរដ្ឋមកពីភូមិទាំង១៤ ក្នុងឃុំឈើកាច់សរុបចំនួនទាំងអស់ជិត ៣០០០នាក់។
នាឱកាសនោះ លោកប្រធានក្រុមការងារបានគូសបញ្ជាក់ជាថ្មីពីសារសំខាន់នៃការទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជាឱ្យបានស្ថិតស្ថេរ វិវឌ្ឍន៍ រីកចម្រើនជាលំដាប់បន្តទៀត ។
លោក ព្រុំ សុខា ក៏បានរំលឹកផងដែរជូនបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសយុវវ័យឱ្យចងចាំពីមេរ់ៀននៃអតីតកាលរបស់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាម របបប្រល័យពូជសាសន៍ ការផ្តួលរំលំនិងទប់ស្កាត់របបដ៏សែនអប្រិយនេះមិនឱ្យត្រឡប់មកវិញបាន ការតស៊ូប្តូរផ្តាច់នាំសន្តិភាពពេញបរិបូរណ៍មកជូនមាតុភូមិ ការផ្សះផ្សារបង្រួបបង្រួមជាតិ ការស្តារកសាងប្រទេសឡើងវិញចាប់ពីក្រោមលេខសូន្យ រហូតមកដល់គ្រាបច្ចុប្បន្ន ដែលធ្វើឱ្យសង្គមជាតិយើងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យឆ្ពោះទៅកាន់អនាគតមួយពោរពេញដោយក្តីសង្ឃឹម។
ក្នុងន័យនេះដែរ លោកប្រធានក្រុមការងារបានគូសបញ្ជាក់ច្បាស់ថា លទ្ធិប្រជាធិបតេយ្យពិតប្រាកដត្រូវតែសមស្របជាមួយបរិបទ និងស្ថានភាពជាក់ស្តែងក្នុងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច វប្បធម៌នៃប្រទេសនីមួយៗ។
គេមិនអាចចម្លងយកពុម្ភគំរូប្រជាធិបតេយ្យពីខាងក្រៅមកអនុវត្តក្នុងប្រទេសមួយទាំងដុលតាមរបៀប «កាត់ក្បាលតម្រូវមួក ឬកាត់ជើងតម្រូវស្បែកជើង» ដោយគ្មានលក្ខណៈរស់រវើកសមស្របជាមួយតថភាពជាក់ស្តែងរបស់ប្រទេសខ្លួនបានឡើយ ហើយកាន់តែមិនត្រូវទុកបណ្តោយឱ្យពួកអ្នកនយោបាយឱកាសនិយមប្រើប្រាស់ប្រជាធិបតេយ្យជាលេសគ្រាន់តែធ្វើជាមធ្យោបាយដើម្បីឈានទៅសម្រេចមហិច្ឆតាទុច្ចរិតរបស់ពួកគេតាមរយៈបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតប្រជាធិបតេយ្យសេរី ត្រឹមត្រូវ យុត្តិធម៌បានឡើយ បើពុំនោះសោតទេប្រទេសជាតិនឹងធ្លាក់ទៅក្នុងមហន្តរាយជៀសមិនផុតដូចពីអតីតកាលជាក់ជាមិនខាន។
ហេតុនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពឱ្យបានរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសរីកចម្រើន លូតលាស់ជាបន្តទៀតលើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ដែលសមស្របជាមួយបរិបទកម្ពុជាដូចក្នុងគ្រាបច្ចុប្បន្ន យើងទាំងអស់គ្នាត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជំនះ ដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតរុងរឿងត្រចះត្រចង់៕