(កំពង់ឆ្នាំង)៖ សហគមន៍ខ្មែរឥស្លាម ក្នុងឃុំឈូកស ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង រួមមានសកម្មជនបក្ស សមាជិក និងតំណាងមហាជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង១,៣០០នាក់ បានធ្វើការប្តេជ្ញាថា ត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺទៅបោះឆ្នោត ដើម្បីបន្ដដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលខ្លួន និងជនរួមជាតិគោរពស្រលាញ់ និងដើម្បីសម្តេចតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រី។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី អមដំណើរដោយសហការី បានអញ្ជើញសំណេះសំណាល នៅភូមិទួលឃុំឈូកស នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
បន្ថែមពីនេះ លោក អូស្មាន ហាស្សាន់ បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រដោយឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសសហគមន៍ខ្មែរឥស្លាម ទូទាំងខេត្តកំពង់ឆ្នាំង ជាខេត្តដែលឈរលំដាប់ចំណាត់ថ្នាក់ខ្ពស់ ជាមួយចំណោមសហគមន៍ខ្មែរឥស្លាម នៅបណ្តាខេត្តផ្សេងៗ ដែលមានសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា កម្រិតភាគរយខ្ពស់បំផុត កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅរាល់អាណត្តិ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៕