សមត្ថកិច្ចចម្រុះចុះរឹបអូសឈើលេខ១ ចំនួន១៦០កំណាត់ ដែលឈ្មួញគរលាក់ទុកនៅឃុំប៉យ ស្រុកអូរជុំ
22-07-2018 12:07
(រតនគិរី)៖ កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរជុំ,កម្លាំងរដ្ឋបាលព្រៃឈើផ្នែកវ៉ើនសៃ និងកម្លាំងកម្លាំងប៉ុស្តិ៍នគរបាលឃុំប៉យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិ បានចុះរឹបអូសឈើលេខ១ ចំនួន១៦០កំណាត់ ដែលឈ្មួញដឹកយកទៅគរលាក់ទុកក្នុងព្រៃ ស្ថិតក្នុងឃុំប៉យ ស្រុកអូរជុំ ខេត្តរតនគិរី។
លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេស និងសន្តិសុខនៃទីបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នេះថា មុនឈានដល់ការចុះបង្ក្រាបទីតាំងខាងលើនេះ គឺទទួលព័ត៌មានពីបណ្តាញព័ត៌មានសម្ងាត់ រួចសុំយោបល់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ចុះបង្ក្រាបជាក់ស្តែងតែម្តង។
លោកវរសេនីយ៍ទោ ឃី សុខា ប្រាប់បន្តថា ដោយស្ថានភាពផ្លូវមានការលំបាក ហើយភ្លៀងធ្លាក់ជាប់ផងនោះ កម្លាំងសមត្ថកិច្ចបានរក្សាឈើទាំងនោះនៅកន្លែងដដែលសិន រង់ចាំមេឃបើកថ្ងៃនឹងយកមធ្យោបាយទៅដឹកយកមកប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើ ចាត់ចែងបន្តតាមច្បាប់ស្តីពីព្រៃឈើ។
គួរបញ្ជាក់ផងដែរថា នៅខេត្តរតនគិរីទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធចុះបង្ក្រាបជាហូរហែ តែក្រុមឈ្មួញឈើហាក់បីដូចជាមិនខ្លាចច្បាប់សោះ ព្រោះសមត្ថកិច្ចកន្លងមកចាប់បានតែឈើ។ រីឯឈ្មួញឈើចាប់មិនដែលបាន ហើយពួកគេនៅតែបន្តសកម្មភាពខុសច្បាប់ដដែលជាដដែល៕