(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម របស់គណបក្សប្រជាជនកម្ពុជា បានផ្តាំយុវជន-យុវនារី ប្រមាណជាង ២,០០០នាក់ ឲ្យខិតខំបន្តថែរក្សាសន្តិភាព និងសមិទ្ធផលទាំងអស់ របស់រាជរដ្ឋាភិបាល ដែលបានមកពីការប្តូរអាយុជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
«ក្មួយៗយុវជន! សមិទ្ធិផល និងឱកាសដែលយើងទទួលបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ វាបានមកដោយការលះបង់អាយុជីវិតជាថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាយើង! ដូច្នេះយើងទាំងអស់គ្នា ត្រូវខិតខំបន្តថែរក្សាឱ្យខានតែបាននូវសុខសន្តិភាព និងសមិទ្ធិផលទាំងនេះ ជាពិសេសយុវជនគណបក្សប្រជាជនកម្ពុជា ដែលជាធនធានប្រកបដោយថាមពល និងឆន្ទៈ ក្នុងការបម្រើ ការពារ និងបន្តវេន» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លោកតំណាងរាស្ត្រ ប៉ាន សូរស័ក្តិ បានបញ្ជាក់ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ និងស្រុកកងមាស ខេត្តកំពង់ចាម ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅបរិវេណខាងមុខវិទ្យាល័យ នរោត្តមគន្ធបុប្ផា ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោកតំណាងរាស្ត្រ ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញពីការធ្វើពលិកម្មដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី និងសមាជិក សមាជិកា នៃគណបក្សប្រជាប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធដណ្តើមយកមកវិញនូវឯកភាពជាតិ បូរណភាពទឹកដី និងសុខសន្តិភាព ដែលកម្ពុជាបានបាត់បង់ អស់រយៈកាលជាង ៥០០ឆ្នាំ ព្រមទាំងប្រវត្តិតស៊ូជំនះគ្រប់ឧបសគ្គ របស់គណបក្ស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ ពីចំណុចសូន្យ រហូតទទួលបានវឌ្ឍនភាពគ្រប់វិស័យ ជាពិសេសរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំជាង ២ទសវត្សរ៍ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លើសពីនេះ លោកតំណាងរាស្ត្រ ក៏បានអំពាវនាវដល់យុវជន យុវនារីទាំងអស់ នាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ និងជួយជំរុញចលនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសកម្ពុជា នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល និងអាណត្តិបន្តបន្ទាប់ទៀត៕