(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។
ថ្លែងក្នុងឱកាសនោះ លោក សៅ សុខា បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើការងារនេះយ៉ាងសស្រាក់សស្រាំ ដើម្បីស្វែងរកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាផ្ដល់ឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដធ្វើជានាយករដ្ឋមន្ដ្រីនៅអាណត្តិទី៦ និងអាណត្តិបន្ដបន្ទាប់ទៀត។
បន្ថែមពីលេីនេះ លោក សៅ សុខា បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានទាំងអស់ ត្រូវបន្ដដឹកនាំសមាជិក សមាជិកា បន្ដចុះជួបជាមួយប្រជាពលរដ្ឋដើម្បីពន្យល់អំពីសារៈសំខាន់នៃការបោះឆ្នោត ដោយមិនត្រូវជឿតាមការញុះញង់ របស់ក្រុមអ្នកនយោបាយក្បត់ប្រយោជន៍ជាតិមួយក្ដាប់តូចនោះទេ។
លោក សៅ សុខា ក៏បានផ្ដាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្ដពន្យល់ប្រជាពលរដ្ឋអំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ហើយគូសឲ្យចំលេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រី ដែលអាចឲ្យកម្ពុជាបន្ដរក្សាសន្ដិភាព ស្ថិរភាពនយោបាយ និងបន្ដការអភិវឌ្ឍ៕