(ព្រៃវែង)៖ សមាជិកគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពោធិ៍រៀង និងជាប្រធានក្រុមការងារឃុំកំពង់ឬស្សី លោក ឯម សំណាង បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងឃុំកំពង់ឬស្សី ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា និងអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងឃុំកំពង់ឬស្សីបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការអំពាវនាវរបស់ លោក ឯម សំណាង ធ្វើឡើង ក្នុងឱកាសដែលលោកចុះពិនិត្យស្លាកគណបក្ស ព្រមទាំងចុះសួរសុខទុក្ខ សមាជិក-សមាជិកាបក្ស រួមនិងដង្ហែក្បួនឃោសនា ស្វែងរកសន្លឹកឆ្នោតក្នុងមូលដ្ឋានឃុំកំពង់ឬស្សី។
លោក ឯម សំណាង បានលើកឡើងថា មានតែគណបក្សប្រជាជននោះទេ ទើបធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ហេតុដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពុងឬស្សី ទាំងអស់បន្តជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ព្រោះមានតែសម្តេចទេដែលអាចកែប្រែប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិ មានសុខសន្តិភាព។
លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសដែលមានសមត្ថភាព ហើយអាចនឹងបន្តដឹកនាំប្រទេសជាតិរបស់យើងទៅមុខទៀត ប្រកបដោយភាពរីកចម្រើន គ្មាននរណាផ្សេងអាចជំនួសសម្តេចបាននោះទេ ក៏ព្រោះតែប្រជាជនកម្ពុជានៅត្រូវការសម្តេចគ្រប់ពេលវេលា។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី២០ ស្រួលចាំ ស្រួលគូស មានរូបសញ្ញាទេវាតា បាចផ្កា។
សូមរំលឹកថា សល់ត្រឹមតែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ដែលមានរយៈពេល២០ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា។ គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា «បក្សប្រជាជនបដិវត្ដន៍ខ្មែរ» បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ៕