(កំពង់ស្ពឺ)៖ លោក ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ស្ពឺ បានអំពាវនាវដល់កម្មករ-កម្មការិនី ចូលរួមរក្សាសន្តិភាព តាមរយៈការខិតខំធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន កុំចូលរួមប្រព្រឹត្តសកម្មភាពខុសច្បាប់ តាមការឃោសនាបោកប្រាស់របស់ក្រុមជ្រុលនិយម។
ការអំពាវនាវ របស់លោក ឆាយ ថន ក្នុងឱកាសអញ្ជើញចុះសំណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនី ៩០០នាក់ ក្នុងឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោកប្រធានគណៈពង្រឹងការងាររូបនេះបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ ក៏ដូចជាបងប្អូនកម្មករ-កម្មការិនី ដោយបានដាក់ចេញនូវគោលនយោបាយ គាំពារសង្គមជាច្រើនបន្តបន្ទាប់។
លោកបានបន្ថែមថា ការដាក់ចេញបែបនេះ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ លើកស្ទួយកម្រិតជីវភាព របស់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី ឲ្យកាន់តែមានជីវភាពធូរធារ តំឡើងប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ជារៀងរាល់ឆ្នាំ ជួយកាត់បន្ថយចំណាយផ្សេងៗ ដូចជា ទប់ស្កាត់ការតម្លេីងប្រាក់ឈ្នួលផ្ទះ ទឹក និងភ្លើង ហើយកាន់តែពិសេស គឺបានផ្តល់នូវអត្ថប្រយោជន៍សង្គមជាច្រើន ជូនដល់បងប្អូនកម្មករ-កម្មការនី។
លោក ឆាយ ថន បានបន្តថា ក្រៅពីការយកចិត្តទុកដាក់បងប្អូនកម្មករ កម្មការិនី រាជរដ្ឋាភិបាល ក៏បានកសាងស្នាដៃសមិទ្ធផលសំខាន់ៗ មានយ៉ាងច្រើនទូទាំងប្រទេស មានដូចជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ សំណង់ អគារខ្ពស់ -ល-។
លោកថា សមិទ្ធិផល ដែលសម្រេចបាននេះ គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបមានការអភិវឌ្ឍ ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិបាន។
ជាមួយគ្នានោះ ទេស ឆាយ ថន បានអំពាវនាវដល់ប្រជាពលរដ្ឋ បងប្អូនកម្មករ-កម្មការិនី សូមចូលរួមរក្សាសន្តិភាពទាំងអស់គ្នា តាមរយៈការខិតខំធ្វើការងារ និង មុខរបរប្រចាំថ្ងៃរបស់ខ្លួន កុំចូលរួមប្រព្រឹត្តសកម្មភាពខុសច្បាប់ តាមការឃោសនា ភូតភរ កុហក បោកប្រាស់របស់ក្រុមជ្រុលនិយមមួយចំនួន។
លោកបន្ដថា «សូមបងប្អូនចូលរួមបំពេញកាតព្វកិច្ច ជាពលរដ្ឋកម្ពុជា ស្របច្បាប់តាមរយៈការចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដ៍ល្អ របស់បងប្អូន ដែល៥ឆ្នាំមានតែម្តងទេ អ្វីៗ គឺបងប្អូនជាអ្នកជ្រើសរើស»។
លោក ឆាយ ថន បន្តថា «ដូច្នេះសូមបងប្អូន អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បន្តការអភិវឌ្ឍន៍លើគ្រប់វិស័យ និងដើម្បីជីវភាព អនាគតរបស់កូនចៅយើងជាបន្តទៀត»៕