(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា និងក្រុមការងារចុះជួយឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួន ថ្វាយប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាស នៅវត្តអំពិល និងវត្តរមាសហែក ស្រុករមាសហែក។
ជាមួយគ្នានេះ លោក ហ៊ឹម ឆែម ក៏បានជួបសំណេះសំណាល និងសាកសួរសុខទុកជាមួយប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្ស ស្ថិតនៅក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ស្ថិតក្នុងឱកាសនោះផងដែរ លោកក៏បានសាកសួរសុខទុក អំពីសុខភាព ការរស់នៅ ជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋសព្វថ្ងៃ មានការរីកចម្រើនយ៉ាងណាដែរ។
ស្ថិតក្នុងបរិយាកាសនោះ លោកប្រធានក្រុមការងារ បានឧទ្ទិសបួងសួងសុំឲ្យប្រទេសកម្ពុជា ជួបតែសេចក្តីសុខ សេចក្តីចម្រើន ការប្រកបរបរកសិកម្ម ទទួលបានភោគផលបានល្អជារៀងរាល់ឆ្នាំ និងឲ្យប្រទេសជាតិ ជៀសផុតពីជំងឺដង្កាត់ ឬគ្រោះកាចផ្សេងៗ ជាពិសេសសូមឲ្យដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបានល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ។
បន្ថែមពីនេះ លោក ហ៊ឹម ឆែម ក៏បានរំលឹកដល់សមាជិក សមាជិកាទាំងអស់ ត្រូវត្រៀមខ្លួន និងរៀចំឯកសារសម្រាប់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត៕