(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ពាក់កណ្ដាលអាជីពដ៏ធំ KMH Champions League រដូវកាលទី៣ ឆ្នាំ២០១៧-២០១៨ បានបញ្ចប់ហើយ ខណៈក្រុមជើងឯក និងជើងឯករងសុទ្ធតែបានទៅក្រុមថ្មី ដែលទើបបង្ហាញវត្តមានលើកដំបូង ក្នុងព្រឹត្តិការណ៍នេះ គឺក្រុមគ្រួសារប៊ីចេង ក្រោយយកឈ្នះក្រុម Down Town Sport ដោយលទ្ធផល ២-១ ក្នុងការប្រកួត ១២០នាទី ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ លើទីលាន KMH Park កាលពីយប់មិញ ។
នេះគឺជាលើកដំបូង ដែលក្រុមទាំងពីរ បានចូលរួម និងដណ្ដើមបានលទ្ធផលដ៏ល្អប្រសើររៀងៗខ្លួន ។ ចំពោះការប្រកួត ៩០នាទីដំបូង ក្រុមទាំងពីរ បានបញ្ចប់ដោយស្មើគ្នា ១-១ ដែលបង្ខំឲ្យអាជ្ញាកណ្ដាលបន្ថែម ១៥នាទី ២ដង ដើម្បីទាត់កាត់សេចក្ដី ហើយគ្រប់យ៉ាងត្រូវបានបញ្ចប់ ដោយកីឡាករ វណ្ណារ៉ា របស់គ្រួសារប៊ីចេង រកបាន ១គ្រាប់បន្ថែមនៅនាទី១០៥ ជួយឲ្យក្រុមពួកគេលើកពានតែម្ដង ក្រោយក្រុម Down Town ព្យាយាមវាយបករហូតដល់នាទីចុងក្រោយ តែមិនបានសម្រេច ។
ប៉ុន្ដែយ៉ាងណាតំណាងក្រុមទាំងពីរ សុទ្ធតែចាត់ទុកលទ្ធផលខាងលើ គឺជាជោគជ័យក្រុមរៀងៗខ្លួន ព្រោះជាការចូលរួមលើកដំបូង ។ សម្រាប់ប្រាក់រង្វាន់វិញ ក្រុមជើងឯកគ្រួសារប៊ីចេង គឺទទួលបានពាន អមដោយប្រាក់រង្វាន់ ១២,០០០ដុល្លារ និងក្រុមជើងឯករង Down Town ទទួលបានប្រាក់រង្វាន់ ៦,០០០ដុល្លារ ហើយក្រុមនេះ ក៏ទទួលបានពាន Fair Play អមដោយប្រាក់រង្វាន់ ៧៥០ដុល្លារផងដែរ ។ រីឯក្រុមលេខ៣ គឺបានទៅក្រុមអាណាចក្របៃតង អមដោយប្រាក់រង្វាន់ ៣,០០០ដុល្លារ ក្រោយយកឈ្នះក្រុមពិស្ណុការ ៨-៤ នាំឲ្យក្រុមពិស្ណុការ ទទួលបានលេខ៤ អមដោយប្រាក់រង្វាន់ ១,៥០០ដុល្លារ រួមទាំងពានកីឡាករល្អ អ្នកចាំទីល្អ និងកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេផងដែរ ។
លោក កាំង សេន ស្ថាបនិកពានរង្វាន់ KMH Champions League បានបញ្ជាក់ថា រដូវកាលនេះ ការប្រកួតបានបញ្ចប់ដោយជោគជ័យ ហើយរដូវកាលថ្មីខាងមុខ លោកកំពុងពិភាក្សាជាមួយគណៈកម្មការបច្ចេកទេស ដើម្បីជំរុញព្រឹត្តិការណ៍នេះឲ្យកាន់តែកក្រើក ហើយអ្វីដែលលោកសង្កត់ធ្ងន់ គឺនៅរដូវកាលថ្មី ប្រាក់រង្វាន់ សម្រាប់ក្រុមជ័យលាភី អាចនឹងមានការកើនឡើងជាងមុន ប៉ុន្ដែលោកកំពុងសិក្សាសិន មិនទាន់បង្ហើបនោះទេ ។ យ៉ាងណាមិញ លោកជឿជាក់ថា រដូវកាលថ្មី នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងកសាងធនធានកីឡាករ ឆ្ពោះទៅត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣៕