(ភ្នំពេញ)៖ កាលពីសប្ដាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទ “ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងក្តីព្រហ្មទណ្ឌ” មកធ្វើការបកស្រាយរួចមកហើយ ។ សម្រាប់សប្តាហ៍នេះ យើងនឹងលើកយកប្រធានបទស្ដីពី «ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងក្តីរដ្ឋប្បវេណី» មកធ្វើការពន្យល់ និងបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ វិញម្តង ។
សាលក្រម និងសាលដីការដ្ឋប្បវេណី គឺជាប្រភេទនៃសេចក្ដីសម្រេចរបស់តុលាការផ្នែករដ្ឋប្បវេណី ចំពោះបណ្ដឹងរដ្ឋប្បវេណីណាមួយ ។ សាលក្រមរដ្ឋប្បវេណី គឺជាប្រភេទនៃសេចក្ដីសម្រេចរបស់សាលាជម្រះក្ដីរដ្ឋប្បវេណីជាន់ទាប ដែលមានសាលាដំបូងរាជធានី/ខេត្ដ លើបណ្ដឹងរដ្ឋប្បវេណីទាំងឡាយណាដែលស្ថិតនៅក្នុង សមត្ថកិច្ចរបស់ខ្លួន។ ចំពោះ សាលដីការដ្ឋប្បវេណី គឺជាប្រភេទនៃសេចក្ដីសម្រេចចំពោះបណ្ដឹងឧបាស្រ័យផ្នែករដ្ឋប្បវេណីដែលចេញដោយតុលាការជាន់ខ្ពស់ ដែលមានសាលាឧទ្ធរណ៍ និងតុលាការកំពូល។ សាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍ ជាសេចក្ដីសម្រេចលើបណ្ដឹងឧទ្ធរណ៍ផ្នែករដ្ឋប្បវេណីទាំងឡាយណា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។ ចំណែកឯសាលដីការបស់តុលាការកំពូល គឺជាប្រភេទនៃសេចក្ដីសម្រេចលើបណ្ដឹងសាទុក្ខផ្នែករដ្ឋប្បវេណីទាំងឡាយណា ដែលបានប្ដឹងមកតុលាការកំពូល។
១៖ សាលក្រមរដ្ឋប្បវេណី របស់សាលាដំបូងរាជធានី/ខេត្ត ជាទូទៅយើងអាចធ្វើការកំណត់ប្រភេទតាមពីរលក្ខខណ្ឌ គឺប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌទូទៅ និងប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌពាក់ព័ន្ធនឹងកាលៈទេសៈនៃការចេញសាលក្រម។ នៅក្នុងលក្ខខណ្ឌជាទូទៅសាលក្រមរដ្ឋប្បវេណីមានពីរប្រភេទ គឺ សាលក្រមចុងក្រោយដែលបញ្ចប់លើបណ្ដឹង និងសាលក្រមចាត់របៀបដែលមិនបញ្ចប់លើបណ្ដឹង។ ចំពោះលក្ខខណ្ឌពាក់ព័ន្ធនឹងកាលៈទេសៈនៃការចេញសាលក្រមវិញ សាលក្រមរដ្ឋប្បវេណីមានពីរប្រភេទគឺ សាលក្រមចំពោះមុខ និងសាលក្រមកំបាំងមុខ ។
១.១. ប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌទូទៅ៖
* សាលក្រមចុងក្រោយ៖ បណ្ដឹងត្រូវបានចាប់ផ្ដើមដោយការទាមទាររបស់ដើមចោទ តាមរយៈពាក្យបណ្ដឹងសុំឲ្យតុលាការចេញសាលក្រមដែលមានខ្លឹមសារជាកំណត់ណាមួយ ហើយជាគោលការណ៍បណ្ដឹងត្រូវបញ្ចប់ដោយសាលក្រមរបស់តុលាការដែលជាការឆ្លើយតបចំពោះការទាមទាររបស់ដើមចោទនោះ។ នៅពេលនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ និងការពិនិត្យភស្ដុតាងត្រូវបានបញ្ចប់ តុលាការត្រូវកំណត់កាលបរិច្ឆេទសម្រាប់ការប្រកាសសាលក្រម និង ត្រូវប្រកាសសាលក្រម (មាត្រា ១៨០ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ ពេលដែលសាលក្រមនោះចូលជាស្ថាពរ គោលដៅនៃបណ្ដឹងក៏ត្រូវបានសម្រេច ហើយបណ្ដឹងនោះត្រូវចប់។ ក៏ប៉ុន្ដែសាលក្រមដែលមានអានុភាពបញ្ចប់បណ្ដឹង ចាំបាច់ត្រូវជាសាលក្រមបញ្ចប់រឿងក្ដីទាំងមូល ឬមួយភាគ ។ សាលក្រមដែលបញ្ចប់រឿងក្ដីទាំងមូល ឬ មួយភាគនោះគេហៅថា សាលក្រមចុងក្រោយ ។
* សាលក្រមចាត់របៀប៖ គឺជាសាលក្រមដែលគ្មានអានុភាពបញ្ចប់បណ្ដឹងទេ ដោយគ្រាន់តែជាសេចក្ដីសម្រេចចំពោះចំណុចដែលជាបុរេលក្ខខណ្ឌសម្រាប់ការចេញសាលក្រមចុងក្រោយ ។ សាលក្រមប្រភេទនេះ មានគោលបំណងរៀបចំ និងសម្រួលធ្វើឲ្យការវិនិច្ឆ័យលើបណ្ដឹងមានសណ្ដាប់ធ្នាប់ ហើយតុលាការអាចចេញសាលក្រមនេះបានតែចំពោះចំណុចដែលត្រូវនឹងគោលបំណងនោះតែប៉ុណ្ណោះ ។ យោងមាត្រា ១៨១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ចំណុចដែលអាចចេញសាលក្រមចាត់របៀបបានមាន ៤ គឺ៖
១៖ សាលក្រមដែលសម្រេចលើអត្ថិភាពនៃការទាមទារក្នុងករណីដែលមានវិវាទលើអត្ថិភាព និងចំនួនទឹកប្រាក់នៃការទាមទារ។
២៖ សាលក្រមដែលសម្រេចពីមធ្យោបាយតទល់ ឬការពារខ្លួន ដែលអាចវិនិច្ឆ័យដោយឯករាជ្យបាន ។
៣៖ សាលក្រមដែលសម្រេចអំពីអត្ថិភាព ឬនត្ថិភាពនៃលក្ខខណ្ឌបណ្ដឹង និង
៤៖ សាលក្រមដែលសម្រេចអំពីហេតុដែលទាក់ទងនឹងការបញ្ចប់បណ្ដឹង។
១.២. ប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌពាក់ព័ន្ធនឹងកាលៈទេសៈនៃការចេញសាលក្រម៖
* សាលក្រមចំពោះមុខ៖ គឺជាប្រភេទនៃសាលក្រមមួយដែលចេញ និងប្រកាសចំពោះមុខដើមចោទ ឬចុងចម្លើយ ឬចំពោះមុខអ្នកតំណាងរបស់ដើមចោទ ឬចុងចម្លើយ ក្នុងករណីដែលភាគី ឬអ្នកតំណាងមានវត្ដមាននៅក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ។
* សាលក្រមកំបាំងមុខ៖ គឺជាប្រភេទនៃសាលក្រមដែលចេញ និងប្រកាសកំបាំងមុខដើមចោទ ឬចុងចម្លើយ ក្នុងករណីដែលដើមចោទ ឬចុងចម្លើយមិនបានបង្ហាញខ្លួននៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់លើកទីមួយ និងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។ មានន័យថានៅពេលដែលដើមចោទ ឬចុងចម្លើយបានទទួលការកោះហៅពីតុលាការឲ្យចូលក្នុងនីតិវិធីត្រៀមសម្រាប់ការទាយហេតុផលលើកទី១ ហើយដើមចោទ ឬចុងចម្លើយមិនបានចូលរួមតាមកាលបរិច្ឆេទកំណត់ នោះតុលាការអាចបញ្ឈប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយភ្លាមៗ ហើយកំណត់នូវកាលបរិច្ឆេទលើកទី១ នៃការទាញហេតុផលដោយផ្ទាល់មាត់ ហើយបើដើមចោទ ឬចុងចម្លើយមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់នេះទៀត នោះតុលាការនឹងច្រានចោលការទាមទារ ឬចាត់ទុកថាបានសារភាព ដោយចេញសាលក្រមកំបាំងមុខ។ ប៉ុន្តែតុលាការមិនអាចចេញសាលក្រមកំបាំងមុខបានឡើយ បើមានករណីណាមួយដូចជា : (១). ភាគីដែលមិនបានបង្ហាញខ្លួន មិនបានទទួលការកោះហៅស្របច្បាប់ (២).ភាគីដែលមិនបានបង្ហាញខ្លួនមានមូលហេតុដែលអាចទទួល ស្គាល់ថា ពិតជាមិនអាចបង្ហាញខ្លួនបានមែនដោយសារគ្រោះមហន្ដរាយធម្មជាតិ ឬ កាលៈទេសៈផ្សេងទៀត ដែលមិនអាចជៀសវាងបាន (៣).បណ្ដឹងមិនស្របច្បាប់ និង (៤).ខ្លឹមសារនៃសេចក្ដីថ្លៃងការណ៍ ដែលដើមចោទបានធ្វើនៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ដែលចុងចម្លើយមិនបានបង្ហាញខ្លួន ហើយខ្លឹមសារនៃសេចក្ដីថ្លៃងការណ៍នោះមិនបានជូនដំណឹងទៅចុងចម្លើយមុនកាល បរិច្ឆេទនោះ (មាត្រា២០២ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។
២៖ សាលដីការដ្ឋប្បវេណី៖ គឺជាប្រភេទនៃសេចក្ដីសម្រេចរបស់តុលាការជាន់ខ្ពស់ដែលមានសាលាឧទ្ធរណ៍ និងតុលាការកំពូល។ ប្រភេទនៃសាលដីការដ្ឋប្បវេណី មិនខុសគ្នាពីប្រភេទនៃសាលក្រមប៉ុន្មាននោះទេ តែដោយនៅនីតិវិធីតុលាការជាន់ខ្ពស់ ពុំមាននីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់នោះទេ ដូចនេះតុលាការជាន់ខ្ពស់ ពិនិត្យតែចំពោះភាពត្រឹមត្រូវ ឬមិនត្រូវនៃបណ្ដឹងឧបាស្រ័យ និងធ្វើការវិនិច្ឆ័យចំពោះសេចក្ដីសម្រេចរបស់តុលាការជាន់ទាប ឬសាលាឧទ្ធរណ៍ដែលត្រូវបានឧបាស្រ័យនោះតែប៉ុណ្ណោះ។ ជាទូទៅប្រភេទនៃសាលដីការបស់សាលាឧទ្ធរណ៍មាន៣ ប្រភេទគឺ (១). សាលដីកាដែលលើកបណ្ដឹងឧទ្ធរណ៍ចោល (២). សាលដីកាច្រានចោលបណ្ដឹងឧទ្ធរណ៍ និង (៣). សាលដីកាទទួលស្គាល់បណ្ដឹងឧទ្ធរណ៍។ ចំពោះប្រភេទនៃសាលដីកាតុលាការកំពូល មាន២ប្រភេទ គឺសាលដីកាច្រានចោលបណ្ដឹងសាទុក្ខ និងសាលដីកាទទួលស្គាល់បណ្ដឹងសាទុក្ខ ដោយចំពោះការលើកចោលបណ្ដឹងសាទុក្ខត្រូវធ្វើឡើងដោយដីកាសម្រេច។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រ៉ាត់ ចាន់ធី សមាជិកស្រាវជ្រាវ និងចងក្រងអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ