(រតនគិរី)៖ កូនឈើ៣ប្រភេទ ចំនួន៣៥០ដើម ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី សហការជាមួយសាលាក្រុងបានលុង នាំយកទៅដាំលើផ្ទៃដីព្រលានយន្តហោះ ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា៩កក្កដា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ថង សាវុន អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។
ថ្លែងក្នុងឱកាសនោះ លោក ថង សាវុន បានលើកឡើងថា ពិធីបុណ្យរុក្ខទិវាឆ្នាំនេះ ខេត្តបានឲ្យអាជ្ញាធរស្រុកក្រុងទាំង៩ សហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ធ្វើការដាំកូនឈើនៅលើទីតាំងផ្ទៃសមស្រប តាមបណ្តាស្រុកក្រុងរៀងៗខ្លួន។
ជាក់ស្ដែងនៅថ្ងៃនេះ អាជ្ញាធរក្រុងបានលុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនស្រលាញ់សន្តិភាព បាននាំយកកូនឈើ ៣ប្រភេទរួមមាន កូនឈើគគី កូនឈើត្របែកព្រៃ និងកូនឈើលឿងរាជ សរុបចំនួន៣៥០ដើម មកដាំនៅសងខាងព្រលានយន្តហោះខេត្ត ដើម្បីលម្អសោភ័ណ្ឌភាពក្រុង ក៏ដូចជាប្រែក្លាយទីក្រុងបានលុង ឲ្យមានបៃតង។
លោកអភិបាលខេត្តបន្តថា ការចលនាដាំដើមឈើនេះ គឺអនុវត្តតាមគោលនយោបាយកំណែទម្រង់ព្រៃឈើ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅយូរអង្វែង របស់ប្រទេសជាតិ គឺការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ប្រកបដោយប្រសិទ្ធភាពដើម្បីរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានប្រសើរឡើង និងប្រែក្លាយមូលដ្ឋាននីមួយៗ ឲ្យមានទេសភាពល្អ ប្រកប ដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង៕