(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញកម្មវិធីនយោបាយជាច្រើនសម្រាប់ការកសាង និងការពារមាតុភូមិសម្រាប់ឆ្នាំ២០១៨-២០២៣ ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសសកម្មភាព ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជន។
ក្នុងពេលអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត នឹងគោរ និងការពាររដ្ឋធម្មនុញ្ញរបស់កម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឲ្យបានគង់វង្សស្ថិតស្ថេរនិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស។
សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តការពារឯករាជ្យ អធិបតីតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាងរឹងមាំមិនឲ្យកម្លាំងណាមករំលោភបំបាន និងបំផ្លាញបានឡើយ ប្រឆាំងដាក់ខាតជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សម្តេចប្រមុខបក្សកាន់អំណាច ក៏បានប្រកាសកសាងកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់ ធានការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗមានសិទ្ធិពេញលេញ និងភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឲ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ ពីគ្រោះអវិជ្ជា ពីជំងឺតម្កាត់នានា ពីការកេងប្រវ័ញ្ច និងពីអំពើហិង្សាគ្រប់រូបភាព។
សម្តេចតេជោ ហ៊ុន សែ ក៏បានប្រកាសដែរថា នឹងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក៕