(ភ្នំពេញ)៖ បន្ទាប់ទទួលបានដំណឹងថាទំនប់សណ្ដស្ទឹងព្រែកត្នោត ត្រូវទឹកហូរច្រោះបង្កើតជារន្ធនាគដ៏ធំមួយនៅបាតក្រោមទំនប់រួចមក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីជំនាញបញ្ជាគ្រឿងចក្របិទរន្ធនាគនោះទាំងកណ្ដាលអាធ្រាត្រ ថ្ងៃទី២១ ខែកក្កដា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ក៏ដូចជានៅរាជធានីភ្នំពេញផងដែរ។
ទំនប់សណ្តកាត់ស្ទឹងព្រែកត្នោតនេះ មានទីតាំងនៅសង្កាត់ទៀន ខណ្ឌដង្កោ ហើយការចុះអន្តរាគមន៍ទាំងយប់នេះដែរ ត្រូវបានធ្វើឡើងបានទាន់ពេលវេលា ប្រកបដោយការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ពោលមិនបង្កការគំរាមកំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋទៀតនោះឡើយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានឱ្យដឹងថា ប្រតិបត្តិការខាងលើនៅតែបន្តធ្វើរហូតដល់ព្រឹកនេះទៀត ដើម្បីបង្កើនទំហំ និងបង្ហាប់ទំនប់សណ្ដស្ទឹងព្រែកត្នោតនេះ ឱ្យកាន់តែមានភាពរឹងមាំខ្លាំងជាងមុន ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានយូរអង្វែង និងមានប្រសិទ្ធភាពខ្ពស់។
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ដែរថា ស្ថានភាពកម្ពស់ទឹកជំនន់នៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ដែលលាតសន្ធឹងតាំងពីខេត្តកំពង់ស្ពឺផងនោះ ក៏កំពុងថមថយស្រកចុះទៅវិញផងដែរ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅក្បែរស្ទឹង និងផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតនេះ លែងមានការគំរាមកំហែងពីគ្រោះទឹកជំនន់នោះទៀតហើយ។
ប៉ុន្តែទោះជាយ៉ាងណា ក្រសួងធនធានទឹក និងអាជ្ញាធរនៅតែដាស់តឿនក្រើនរំឭកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការការពារខ្លួន និងទ្រព្យសម្បត្តិពីគ្រោះថ្នាក់នានា ដែលកើតឡើងដោយសារបាតុភូតភ្លៀងធ្លាក់ ផ្គររន្ទះ ឬបាតុភូតធម្មជាតិដទៃទៀត ក្នុងរដូវវស្សានេះទាំងអស់គ្នា។
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ លោករដ្ឋមន្រ្តី បានបន្តដឹកនាំមន្រ្តីជំនាញចុះទៅជួយទប់ស្កាត់បន្តទៀត ដើម្បីកុំឲ្យរន្ធនាគនេះ កាន់តែរីកធំ ហើយកើតឡើងនៅកន្លែងផ្សេង៕