(ឧត្តរមានជ័យ, អន្លង់វែង)៖ ស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ គឺតំបន់ចុងក្រោយមួយដែលក្រុមខ្មែរក្រហមយកធ្វើជាទីតាំងតស៊ូបន្តដង្ហើមរបបរបស់ពួកគេ ក្រោយពេលកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
មុនពេលធ្វើសមាហរណកម្មចូលរួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជានៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ ស្រុកអន្លង់វែង ជាតំបន់ស្ងប់ស្ងាត់ និងមិនមានការអភិវឌ្ឍអ្វីទាំងអស់ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន ការអប់រំ ខណៈការរស់នៅរបស់ប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពយ៉ាប់យឺនជាខ្លាំង។
២០ឆ្នាំក្រោយសង្គ្រាមបានបញ្ចប់ស្រុកអន្លង់វែង បានប្រែក្លាយមុខមាត់ថ្មី។ ក្រោមគោលនយោបាយដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ស្រុកអន្លង់វែង ទទួលបានការអភិវឌ្ឍដោយស្មើភាពដូចតំបន់ដទៃទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់កាន់តែប្រសើរ។
ថ្លែងក្នុងពេលអញ្ជើញចុះសាកសួរសុខទុក្ខសិស្សត្រៀមប្រឡងបាក់ឌុបនៅវិទ្យាល័យ «ហ៊ុនសែនអន្លង់វែង» នៅថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ លោក គន់ គីម ប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ បានកត់សម្គាល់ថា ក្រៅពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរហើយនោះ ការអប់រំនៅលើទឹកដីអតីតសមរភូមិសង្គ្រាមមួយនេះក៏ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់កាន់តែប្រសើរផងដែរ។
លោក គន់ គីម បានលើកឡើងថា ទន្ទឹមនឹងការពង្រឹងគុណភាពអប់រំឲ្យកាន់តែប្រសើរ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្នែកអប់រំត្រូវបានសាងសង់កាន់តែច្រើន សម្រាប់បម្រើដល់ការអប់រំ។ ក្នុងនោះអគារសិក្សាជាច្រើនខ្នងនៅស្រុកអន្លង់វែង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនកាលពីឆ្នាំ២០១៦ ក្នុងពេលសម្តេចអញ្ជើញធ្វើដំណើរកាត់តំបន់នោះ។
បច្ចុប្បន្នអគារសិក្សាទាំងនោះ ត្រូវបានសាងសង់រួចរាល់ និងដាក់ឲ្យសិស្សានុសិស្សសិក្សារៀនសូត្រផងដែរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ពីគម្រោងក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តឧត្តរមានជ័យនេះផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា នយោបាយឈ្នះឈ្នះរបស់សម្តេចនឹងមិនអាចទទួលបានជោគជ័យនោះឡើយ ប្រសិនបើយកទាហានខ្មែរក្រហមមករួមរស់ជាមួយរាជរដ្ឋាភិបាលហើយ បែរជាមិនប្រឹងប្រែងអភិវឌ្ឍ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋទេនោះ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ការអភិវឌ្ឍធនធានមនុស្សនៅតំបន់នោះ ក៏នៅតែជាវិស័យអាទិភាពដូចនៅតំបន់ដទៃទៀតដែរ។
ក្នុងពេលចុះសំណេះសំណាលនោះ លោក គន់ គីម បានរំលឹក និងដាស់តឿនដល់សិស្សានុសិស្សទាំងអស់ ឲ្យប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹង ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសដឹកដីស្រុកអន្លង់វែងឲ្យកាន់តែរីកចម្រើន។
ជាមួយស្នាមញញឹមក្រោមដំបូលអគារសិក្សាថ្មី ក្រុមសិស្សានុសិស្សដែលកំពុងទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងផ្តល់នូវការអប់រំជូនពួកគេនោះ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អគារសិក្សាថ្មីសម្រាប់ពួកគេ។
ជាការតបស្នងចំពោះការផ្តល់ជូនអគារថ្មីពីរាជរដ្ឋាភិបាលនេះ សិស្សានុសិស្សក្នុងស្រុកអន្លង់វែង បានប្តេជ្ញាប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះមករួមចំណែកអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕