(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានជួបសំណេះសំណាលជាមួយសមាជិកបក្ស ១,០០០នាក់ នៅឃុំបល្ល័ង្ក និងបានបន្តចុះជួបជាមួយអាជីវករក្នុងផ្សារកំពង់ថ្ម នៃស្រុកបារាយណ៍ ដើម្បីក្រើនរំឭកដល់ពួកគាត់ឱ្យត្រៀមលក្ខណៈ ក្នុងការចូលរួមបោះឆ្នោតទាំងអស់គ្នានាពេលខាងមុខ។
សកម្មភាពចុះជួបសមាជិកបក្ស និងអាជីវករក្នុងផ្សារខាងលើនេះ ត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
ក្នុងឱកាសជួបជាមួយសមាជិកបក្សក្នុងឃុំបល្ល័ង្ក លោក ថោង ខុន ក៏បានរំឭកពីស្នាដៃកសាងសមិទ្ធផលជាច្រើនរបស់សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដទៃទៀត បាននិងកំពុងបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋឱ្យទទួលបានសន្តិភាព ការអភិវឌ្ឍ និងជួយទំនុកបម្រុងសេវាគាំពារជាច្រើនទៀត។
លោកបានបន្តថា កត្តាសន្តិភាព គឺមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិនីមួយៗ ព្រោះថាបើគ្មានសន្តិភាពនោះទេ ក៏មិនអាចនិយាយពីប្រជាធិបតេយ្យសេរីភាព ឬសិទ្ធិមនុស្សដែរ ប៉ុន្តែផ្ទុយទៅវិញបើមានសន្តិភាពប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ដ មានសេរីភាព មានប្រជាធិបតេយ្យពេញលេញ ប្រទេសជាតិក៏មានការរីកចម្រើន ដូច្នេះសន្តិភាពជាកត្តាមិនអាចខ្វះបាន ហើយទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ។
លោក ថោង ខុន ក៏បានគាំទ្រនូវមតិរបស់ប្រជាពលរដ្ឋដែលលើកឡើងថា សន្តិភាពនាំមកនូវសេចក្ដីសុខសាន្ត មានសិទ្ធសេរីភាពពេញលេញ និងការអភិវឌ្ឍប្រទេសជាបន្តបន្ទាប់។
ចំណែកឯក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារកំពង់ថ្ម ពួកគាត់ក៏បានសម្តែងការស្និទ្ធស្នាល និងស្វាគមន៍ចំពោះលោក ថោង ខុន ហើយពួកគាត់បានប្តេជ្ញាថានឹងទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ និងអាណត្តិបន្តៗទៀត។
ជាមួយគ្នានេះ លោក ថោង ខុន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមឯកសារបម្រើការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបើគ្មានអត្តសញ្ញាណបណ្ណទេ ត្រូវម្នីម្នាធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោត (ឯ.អ) ជាមួយមន្ត្រី SEC៕