(ពោធិ៍សាត់)៖ ដើម្បីបង្ហាញពីសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលកំពុងលូតលាស់ក្នុងម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បានខិតខំផលិតជាវីដេអូមួយ បង្ហាញពីទេសភាពដ៏ស្រស់បំព្រងតាមបណ្ដោយផ្លូវជាតិលេខ៥៥ នៃខេត្តពោធិ៍សាត់ ខណៈមហាវិថីដ៏សំខាន់មួយនេះ កំពុងពង្រាយមន្តអន្ទងចិត្តអ្នកដំណើរឱ្យជក់ចិត្តនឹងសម្រស់ធម្មជាតិ។
វីដេអូដ៏ពិសេសនេះ មានបង្ហាញពីស្ថានភាពផ្លូវកោងបត់បែនមួយអន្លើៗ អមដោយទេសភាពធម្មជាតិពណ៌បៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែដ៏ស្រស់ស្អាតគួរជាទីគយគន់ ប្រៀបបាននឹងទេពធីតាដ៏ស្រស់សោភា កំពុងឈរចាំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនៅអមសង្ខាងផ្លូវយ៉ាងអញ្ចឹង។ ផ្លូវជាតិលេខ៥៥នេះ វានឹងផ្ដល់អត្ថប្រយោជន៍មួយផ្នែកក្នុងវិស័យទេសចរណ៍ធម្មជាតិ សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ ជាផ្លូវជាតិថ្មីសន្លាងដ៏សំខាន់មួយ លាតសន្ធឹងពីផ្លូវជាតិលេខ៥ ចេញពីទីរួមខេត្តពោធិ៍សាត់ ឆ្លងកាត់តាមស្រុកវាលវែងឆ្ពោះទៅឃុំថ្មដា ភ្ជាប់ជាមួយច្រកលេខ៥៦ ដែលជាចំណុចព្រំប្រទល់កម្ពុជា-ថៃ។ វាមានប្រវែង ១៨១,៧៨០គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ និងចែកជា២គន្លង។
សមិទ្ធផលទាំងនេះ ស្តែងចេញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងលើគ្រប់វិស័យដទៃទៀត។
ចង់ដឹងថាផ្លូវជាតិលេខ៥៥នេះ តភ្ជាប់តំបន់ណាខ្លះ និងស្រស់ស្អាតយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖