(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ បានជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនដែលជាជនពិការចំនួន ២៥នាក់ នៅស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន នៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
បន្ទាប់ពីលោកប្រធាមសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានជម្រាបពីសកម្មភាពការងាររបស់សមាគមអតីតយុទ្ធជននៅគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីបម្រើអតីតយុទ្ធជន ដូចជាការបើកប្រាក់បេឡាមរណសង្គ្រោះ ការព្យាបាលជំងឺជូនអតីតយុទ្ធជន ការសាងសង់ជម្រកស្នាក់នៅ និងការជួយដោះស្រាយជីវភាពប្រចាំថ្ងៃជូនអតីតយុទ្ធជនដែលមានការខ្វះខាត។
អតីតយុទ្ធជនយើងទាំងអស់គ្នាមានការសប្បាយចិត្ត ដែលមានសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារគាត់កន្លងមកនេះ ហើយបានប្តេជ្ញាចិត្តនាំក្រុមគ្រួសារទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងព្រះមហាក្សត្រដែលជាទីគោរពសក្ការ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំឭកអតីតយុទ្ធជនជនពិការ ឱ្យត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕