(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអំពាវនាវឲ្យក្រុមគ្រួសារកងទ័ពទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកមេបញ្ជាការ រួមជាមួយថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជាច្រើនរូបទៀត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ គ្រួសារកងទ័ពជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងយ៉ាងដូច្នេះថា «សុខសន្តិភាព ដែលប្រទេសកម្ពុជាយើងមានសព្វថ្ងៃនេះ គឺជាសុខសន្តិភាព ដែលបានកើតឡើងដោយលំបាក កើតឡើងពីការខិតខំប្រឹងប្រែង ការលះបង់របស់ថ្នាក់ដឹកនាំប្រទេសរបស់យើង ដូច្នេះសូមទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីរក្សាអ្វីដែលកំពុងមាននៅពេលបច្ចុប្បន្ននេះ»។
លោកមេបញ្ជាការ បានលើកឡើងពីហេតុការណ៍ថ្មីៗ ដែលគ្រួសារកងទ័ពបានឆ្លងកាត់នោះ គឺព្រឹត្តិការណ៍នៅប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨ ដែលដឹងគ្រប់គ្នាហើយ គឺត្រូវបានជម្លៀសចេញពីផ្ទះសំបែង ដើម្បីគេចពីគ្រាប់ផ្លោងរបស់ទាហានថៃ ធ្វើឲ្យខាតបង់ពេលវេលា ក្នុងការប្រកបរបរ ទទួលទានផ្សេងៗ។ នេះបើនិយាយត្រឹមព្រឹត្តិការណ៍ប្រាសាទព្រះវិហារប៉ុណ្ណោះ ចុះពីមុនៗមកដែលប្រទេសកម្ពុជា មិនទាន់មានសន្តិភាពនោះ តើប្រជាពលរដ្ឋមានផលលំបាកយ៉ាងណា? ដែលចំណុចនេះលោក បានធ្វើការអំពាវនាវឲ្យគ្រួសារកងទ័ពទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យនៅគង់វង់ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងកូនចៅជំនាន់ក្រោយៗទៀត។
ទន្ទឹមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ជិតចូលមកដល់នោះ លោក ច័ន្ទ សុភ័ក្ដ្រា បានប្រាប់គ្រួសារកងទ័ពទាំងអស់នៅតាមព្រំដែន សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះកាលដែលអញ្ជើញទៅបោះឆ្នោតមួយសន្លឹកនេះ គឺស្មើបានចូលរួមថែរក្សាសុខសន្តិភាពហើយ ព្រោះសព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព គ្រប់បែបយ៉ាង៕