(បាត់ដំបង)៖ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បាននាំគ្នាជិះកង់ដង្ហែក្បួន សរុប១,០០០គ្រឿង បន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដឹកនាំដោយលោក ងួន រតនៈ អនុប្រធានគណបក្ស ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត។
លោក ងួន រតនៈ បានឲ្យដឹងថា នៅរសៀលថ្ងៃនេះ ក្រុមយុវជនគណបក្សប្រជាជនខេត្តបាត់ដំបង បាននាំគ្នាបន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដែលមានថ្នាក់ដឹកនាំ យុវជនបក្សមកពីបណ្តាសាកលវិទ្យាល័យនានា ជុំវិញខេត្ត ដោយនាំគ្នាហែក្បួនកង់១,០០០ និងអ្នកជិះចំនួន១,០០០នាក់ ដោយចាប់ផ្តើមក្បួនហែរពីគណបក្សខេត្ត ទៅតាមផ្លូវនានាតាមការគ្រោងទុកដោយជោគជ័យ។
លោកប្រធានយុវជនបក្សខេត្ត បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្សប្រជាជនបានធ្វើយុទ្ធនាការ នៅតាមបណ្តាស្រុកឃុំនានា ជាបន្តបន្ទាប់ទៅតាមការគ្រោងទុកដោយ ឡែកនារសៀលថ្ងៃនេះ តាមកម្មវិធី គឺបន្តធ្វើយុទ្ធនាការនេះបានហែរក្បួនកង់ ដោយកម្លាំងយុវជនទាំងអស់ នៅក្នុងក្បួននេះយុវជនទាំងអស់បានស្រែកជ័យឃោសនិងបានបង្ហាញពីគោលនយោបាយ សំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលការគាំទ្រពីប្រជាពលរដ្ឋ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ បន្តដឹកនាំប្រទេសប្រកបដោយសន្តិភាព និងការអភិវឌ្ឍបន្ថែមទៀត។
នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ យុវជនបក្សទាំងអស់បានប្តេជ្ញាចិត្ត ដូចៗគ្នាថា នាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី២០ នៅក្រោមគេខាងស្តាំដៃ។ បន្ទាប់ពីបានហែក្បួនកង់ជុំវិញក្រុងបាត់ដំបងចប់ លោក ងួន រតនៈ បានសំណេះសំណាល និងថ្លែងអំណរគុណដល់យុវជន ដែលបានចូលរួមទាំងអស់នាថ្ងៃនេះផងដែរ៕