(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានអះអាងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តលើកស្ទួយ ព្រមទាំងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត ហើយគណបក្សនឹងបន្តដំឡើងប្រាក់បៀវត្ស និងប្រាក់សោធននិវត្តន៍ ជូនកម្មករនិយោជិតរៀងរាល់ឆ្នាំ ដើម្បីជួយសម្រួលជីវភាពរស់នៅ របស់កម្មករនិយោជិតទូទាំងប្រទេស។
ការអះអាងរបស់ឯកឧត្តមប្រធាន បានធ្វើឡើងនៅចំពោះមុខប្រជាពលរដ្ឋ និងសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា ប្រមាណជាង ៤០០នាក់ នាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោត នៅក្នុងឃុំតុងរ៉ុង នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃសោរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោកប្រធាន ប៉ាន សូរស័ក្តិ បានជម្រាបជូនពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព និងលក្ខខណ្ឌការងារ ព្រមទាំងការពារអាជីពរបស់កម្មករនិយោជិត តាមរយៈការដំឡើងប្រាក់បៀវត្សឲ្យបានសមរម្យ រៀបចំឲ្យមានការបើកប្រាក់ឈ្នួល រៀងរាល់ ២សប្តាហ៍ម្តង ដោយអនុវត្តន៍ចាប់ពីឆ្នាំ២០១៩តទៅ។ លើសពីនេះគណបក្សក៏នឹងរៀបចំឱ្យមានការបើកប្រាក់សោធននិវត្តន៍ តាមរយៈរបបបេឡាសន្តិសុខសង្គម និងផ្តល់ជូនសេវាពិនិត្យសុខភាពឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ សម្រាប់កម្មករនិយោជិត រួមជាមួយអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មការនី អំឡុងពេលមាតុភាពថែមទៀត។
«រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តផ្តល់ជូនរបបថែទាំសុខភាពដល់កម្មករនិយោជិត ដោយនិយោជកជាអ្នកបង់ថ្លៃជួស ព្រមទាំងផ្តល់របបឧបត្ថម្ភមាតុភាពជូនស្ត្រីដែលកើតបានកូនមួយចំនួន ៤០ម៉ឺនរៀល និងកូនភ្លោះពីរចំនួន ៨០ ម៉ឺនរៀល ព្រមទាំងច្បាប់ឈប់លំហែមាតុភាពរយៈពេល ៣ខែ ដោយទទួលបានប្រាក់ឈ្នួលពលកម្ម ១២០%!»។ លោកប្រធាន បានគូសបញ្ជាក់។
លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយ ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ព្រមទាំងបានថ្លែងនូវសារនយោបាយរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលផ្តោតសំខាន់លើសមិទ្ធផល និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្សក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
លោកប្រធាន ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក តែងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជានិច្ចជូនគណបក្សប្រជាជនកម្ពុជា។ លោកប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសមាជិក-សមាជិកា នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕