(កំពង់ស្ពឺ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងសហជាមួយអាជ្ញាធរមានសមត្ថកិច្ច ដែលដឹកនាំដោយគណៈអភិបាលខេត្ដកំពង់ស្ពឺ លោក វី សំណាង ចុះទៅពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលរងគ្រោះមហន្ដរាយ ដោយទឹកជំនន់ នៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំអប់រំ និងអំពាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់ ។
សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើ មានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកឲ្យបានទាន់ពេលវេលា ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបញ្ជាក់ថា «ជានិច្ចជាកាលយើងតែងតែប្រតិបត្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល និងត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយតប នឹងគ្រោះមហន្ដរាយនានា ពិសេសចុះព្យាបាលប្រជាពលរដ្ឋយើង ទៅដល់ទីតាំងរស់នៅ និងរងគ្រោះតែងម្ដង។ ក្នុងនោះយើងបានរៀបចំរួចជាស្រេច នូវឱសថ សម្ភារបរិក្ខារពេទ្យ សម្រាប់សង្គ្រោះប្រជាពលរដ្ឋ ក្នុងរដូវទឹកជំនន់នេះ ហើយយើងក៏បានបណ្ដុះបណ្ដាលធនធានមនុស្សរួចផងដែរ ក្នុងការជួយសង្រ្គោះជាបន្ទាន់ ហើយថ្មីៗនេះ យើងមានរថយន្ដគ្លីនិកចល័ត ដែលជាជំនួយរបស់មិត្ដចិនថែមទៀត ដែលយើងបានចែកជូនទៅតាមបណ្ដាខេត្ដរួចអស់ហើយ សម្រាប់ផ្ដល់ភាពងាយស្រួល ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ» ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានយកនូវរថយន្ដគ្លីនិកចល័ននោះ ដែលមានបំពាក់ឧបករណ៍គ្រប់គ្រាន់ ទាំងឱសថ សម្ភារបរិក្ខារពេទ្យដែលមាននៅខេត្ដកំពង់ស្ពឺស្រាប់ យកមកពិនិត្យព្យាបាលប្រជាពលរដ្ឋតែម្ដង ។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានចេញនូវសារអប់រំសុខភាពគ្រប់រូបភាព ជូនប្រជាពលរដ្ឋ រួចរាល់ហើយ តាមរយៈការចុះផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជា ទូរទស្សន៍ និងសារព័ត៌ ក្រៅពីចុះទៅអប់រំដោយផ្ទាល់ ។
ព្រមជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិ ដោយទឹកជំនន់ លោកស្រី អឿន បានបង្ហាញនូវភាពសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលបានដឹកនាំក្រុមគ្រូពេទ្យ ចុះមកព្យាបាលពួកគាត់ បានទាន់ពេលវេលា និងដោយឥតគិតថ្លៃ ពិសេសថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្ដទុកដាក់ខ្ពស់ដល់សុខភាព និងជីវភាពរបស់ពលរដ្ឋទាំងអស់គ្នាកន្លងមកនេះ ទាំងសម្រាប់ស្រូវស្រែចំការ ឱកាសការងារផ្សេងៗ ដែលរាជរដ្ឋាភិបាលបានរកទីផ្សារឲ្យ ហើយសម្រាប់សុខភាពវិញ គឺព្យាបាលដោយឥតយកលុយ តាមកម្មវិធីសប្បុរសធម៌ផ្សេងៗមកនេះ ៕