(ភ្នំពេញ)៖ សាលាអន្តរជាតិដ៏ល្បីមួយនៅកម្ពុជា គឺសាលាអន្តរជាតិខេមប្រ៊ិជអន្តរជាតិកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើសន្និសីទសារព័ត៌មានមួយស្ដីពី គុណភាពអប់រំពិតប្រាកដ ដើម្បីប្រកាសប្រាប់ដល់មាតាបិតាអាណាព្យាបាលរបស់សិស្សានុសិស្ស ដែលត្រូវការសាលាមានគុណភាពល្អ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្រៀនបុត្រធីតារបស់ខ្លួន ខណៈសាលាមួយនេះកំពុងទទួលបានភាពជោគជ័យក្នុងប្រតិបត្តិការនេះស្រាប់។
សម្រាប់កម្មវិធីបិទវគ្គមត្តេយ្យសិក្សា ឆ្នាំ២០១៨ សាលាអន្តរជាតិខេមប្រ៊ិជអន្តរជាតិកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះជាលើកទី៨ហើយ នៃកម្មវិធីបញ្ចប់មត្តេយ្យសិក្សារបស់សិស្សានុសិស្សនៅ Cambridge Child Deverlopment Centre។ ប្រធានបទក្នុងឆ្នាំនេះ គឺមហាសមុទ្រ (Oceans)។ សិស្សបញ្ចប់វគ្គក្នុងឆ្នាំនេះមានចំនួន ២៣នាក់ ដែលត្រូវចូលរៀនបឋមសិក្សាអន្តរជាតិនៅឆ្នាំបន្ទាប់។ អ្នកចូលរួមក្នុងពិធីមានចំនួនសរុបប្រហែល ២០០នាក់។
លោកស្រី Joanne Lorena នាយិកាមត្តេយ្យសិក្សា បានឱ្យដឹងថា «យើងមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដែលកុមារ និងអ្នកគ្រូសម្រេចបានក្នុងឆ្នាំនេះ។ ថ្ងៃនេះ ជាពេលវេលាដែលក្រុមគ្រួសារ និងសហគមន៍យើង ទទួលស្គាល់កិច្ចខំប្រឹងប្រែងរបស់សិស្សានុសិស្សយើង។ យើងមានសង្ឃឹមជានិច្ច សិស្សានុសិស្សទាំងអស់រឹតតែរីករាយក្នុងការសិក្សានៅឆ្នាំបន្ទាប់។
សម្រាប់កម្មវិធីបិទវគ្គបឋមសិក្សា ឆ្នាំ២០១៨ សាលាអន្តរជាតិខេមប្រ៊ិជអន្តរជាតិកម្ពុជា បានរៀបចំពិធីបិទវគ្គកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨។ សិស្សបញ្ចប់វគ្គក្នុងឆ្នាំនេះមានចំនួន ៨នាក់ ដែលត្រូវចូលរៀនមធ្យមសិក្សាអន្តរជាតិនៅឆ្នាំបន្ទាប់។ អ្នកចូលរួមក្នុងពិធីមានចំនួនប្រហែល ២០០នាក់។
កុមារី សុជាតា សិស្សថ្នាក់ទី៦ ឡើងថ្នាក់ទី៧ បានរៀបរាប់ថា នាងសប្បាយចិត្តខ្លាំងណាស់ដែលបានរៀនចប់បឋមសិក្សាអន្តរជាតិ។ នាងបានថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ និងសាលាអន្តរជាតិខេមប្រ៊ិជអន្តរជាតិកម្ពុជា ដែលបានបង្រៀននាងឱ្យចេះលើកទឹកចិត្ត ចេះគិតគូរ និងចេះគោរព។
សម្រាប់កម្មវិធីសិក្សា ២០១៨-២០១៩ របស់សាលាអន្តរជាតិខេមប្រ៊ិជអន្តរជាតិកម្ពុជា រួមមាន៖
* កម្មវិធីមើលថែកុមារអាយុចាប់ពី២ឆ្នាំឡើងទៅ។
* មត្តេយ្យសិក្សាអន្តរជាតិសម្រាប់កុមារអាយុ៣-៥ឆ្នាំ។
* បឋមសិក្សាអន្តរជាតិ។
* មធ្យមសិក្សាអន្តរជាតិ។
* កម្មវិធី៣ភាសា៖ ខ្មែរ អង់គ្លេស ចិន។
សាលាអន្តរជាតិខេមប្រ៊ិជអន្តរជាតិកម្ពុជា បាននិងកំពុងអនុវត្តលើវិស័យអប់រំប៉ុណ្ណោះ ដោយមានសេវាដូចជា៖
* សេវាមើលថែកុមារតូចៗ និងមត្តេយ្យសិក្សាដែលមានទីតាំងនៅមណ្ឌល Cambridge Child Deverlopment Centre អគារលេខ២១A ផ្លូវ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ កម្មវិធីសិក្សាអន្តរជាតិទទួលសិទ្ធិពីក្រុមហ៊ុន Yale Holdings International Pte Ltd. នៅប្រទេសសិង្ហបុរី។
* សេវាបឋមសិក្សា និងមធ្យមដែលមានទីតាំងនៅសាលាអន្តរជាតិខេមប្រ៊ិជអន្តរជាតិកម្ពុជា អគារលេខ៥៦ ផ្លូវ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ កម្មវិធីសិក្សាជាតិទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។ រីឯកម្មវិធីសិក្សាអន្តរជាតិទទួលសិទ្ធិពីក្រុមហ៊ុន Fieldwork Education Limited នៅប្រទេសអង់គ្លេស។
* កម្មវិធីភាសាចិនយកតាមកម្មវិធី ODONATA CHINESE CLASS នៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសប្រើប្រាស់ភាសាចំនួន៣ ដ៏មានប្រសិទ្ធភាព៕