(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំយុទ្ធនាការ «សៀមរាបផ្ទះខ្ញុំ» ជាថ្មីម្ដងទៀត ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព» តាមរយៈការប្រកួតបាល់បោះ ហើយកម្មវិធីនេះក៏រៀបចំដើម្បីអបអរសាទរដល់ក្រុមកីឡាករ កីឡាការិនី បាល់បោះរបស់ ស.ស.យ.ក កម្ពុជាខេត្ត ដែលទើបនឹងទទួលបានជយ លាភីលេខ១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ នាពេលកន្លងទៅ។
ពិធីបើកការប្រកួតនាព្រឹកនេះ បានរៀបចំនៅក្លឹបកីឡាយុវជន ដែលរយៈពេល២ថ្ងៃ ក្រោមអធិបតីភាពរបស់លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ, អង្គភាព, ស្ថាប័នមួយចំនួន, ក្រុមកីឡាករ, គណៈកម្មការរៀបចំការប្រកួត, សិស្សានុសិស្ស, យុវជនអង្គរ, ក្រុមគ្រួសារ ស.ស.យ.ក, និងតំណាងក្រុមហ៊ុន ខេមប្រ៊ូវ ធេមផលគ្រុប អិនណូធេលិធីផងដែរ និងដោយមានការឧបត្ថម្ភពីរដ្ឋបាលខេត្តសៀមរាប, ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, Temple Group, Innotality, និងក្រុមហ៊ុនភេជ្ជៈ Pepsi។
លោក សំកុល សុចិត្រា អនុប្រធានស.ស.យ.ក ខេត្តសៀមរាប បានថ្លែងថា គោលបំណងនៃការរៀបចំការប្រកួតបាល់បោះ ៣ទល់៣ នាពេលនេះ គឺដើម្បីឲ្យយុវជន មហាជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ងាកមកចាប់អារម្មណ៍ចំពោះ ការលេងកីឡា ដើម្បីសុខភាពរបស់ខ្លួនផង និងដើម្បីបង្កើតមិត្តភាព សាមគ្គីភាពទៅវិញទៅមកផង សំដៅធ្វើយ៉ាងណាឲ្យយុវជនជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងបញ្ហាប្រឈមមួយចំនួន ដែលអាចជះឥទ្ធិពលមិនល្អ ដល់អនាគតរបស់ពួកគាត់។
លោកអភិបាលខេត្តរងសៀមរាប ក៏បានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត លោកសូមអបអរសាទរ ចំពោះក្រុមកីឡាករ កីឡាការនី បាល់បោះរបស់ស.ស.យ.ក កម្ពុជាខេត្ត ដែលទើបនឹងទទួលបានជយលាភីមេដៃមាស ថ្នាក់លេខ១ ទាំងផ្នែកបុរស និងនារី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ នាពេលកន្លងមកនេះ នៅពហុកីឡាដ្ឋានជាតិនៅភ្នំពេញ។
ក្នុងនោះលោកអភិបាល នឹងរកពេលវេលាសមស្របមួយ ក្នុងពេលឆាប់ៗនេះ ដើម្បីបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមកីឡាករ កីឡាការិនី និងប្រាប់រួមគ្នាងាកមកលេងកីឡាទាំងអស់គ្នា ព្រោះកីឡាមិនត្រឹមតែបាននាំមកនូវសុខភាពរឹងមាំ និងមិត្តភាពប៉ុណ្ណោះទេ គឺថែមទាំងបាននាំឲ្យយុវជន ឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងបញ្ហាប្រឈមមួយចំនួនផងដែរ ហើយការប្រកួតនេះ គឺជាការហ្វឹកហាត់បន្ថែមទៀត ក្នុងការបង្កើនសមត្ថភាព សម្រាប់ការចូលរួមប្រកួតនៅថ្នាក់ជាតិ និងក្នុងតំបន់នាពេលអនាគតផងដែរ៕