(ភ្នំពេញ)៖ វិដេអូឯកសារ ដែលស្ថានីយទូរទស្សន៍អាល់ហ្សាហ្សីរ៉ា (Aljazeera) បានផលិតទាក់នឹងស្ថានភាពនៅប្រទេសកម្ពុជា ហើយកំពុងតែទទួលបាននូវការសរសើរថា ល្អក្នុងចំណោមក្រុមជនបរទេសគ្នាឯងនោះ តាមពិតគឺជាវិដេអូឯកសារ ដើម្បីបម្រើរបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ។ បម្រើរបៀបវារៈនយោបាយដោយសារតែអ្នកកាសែតអាល់ ហ្សាហ្សីរ៉ា មិនស្មោះត្រង់នឹងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន និងបានកាត់សំឡេងរបស់ កឹម សុខា ដែលនិយាយពីផែនការបដិវត្តន៍ពណ៍ និងការផ្លាស់ប្តូររបបក្រោមការគាំទ្ររបស់អាមេរិកចោល និងយកតែអ្វីដែល កឹម សុខា និយាយថា ការផ្លាស់ប្តូរបែបប្រជាធិបតេយ្យមកផ្សាយ ដែលមិនមែនជាអ្វីដែលជាខ្លឹមសារសំខាន់ដែល កឹម សុខា និយាយបង្ហាញផែនការខ្លួននៅមុខអ្នកគាំទ្រ នៅប្រទេសអូស្ត្រាលីកាលពីអំឡុងឆ្នាំ ២០១៣ឡើយ។
ប្រជាជនកម្ពុជាបានដឹងថា កឹម សុខា បានទទួលផែនការ និងមានការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសតាមរយៈអ្នកជំនាញមកពីអាមេរិក និងកាណាដាដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំស្របច្បាប់នៅកម្ពុជា។

ប៉ុន្តែចំណុចទាំងនេះ ស្ថានីយទូរទស្សន៍អាល់ហ្សាហ្សីរ៉ា មិនបានលើកយក មកបញ្ចូលក្នុងវិដេអូឯកសារខ្លួនឡើយ។ វិដេអូដែល កឹម សុខា ការទម្លាយផែនការដែលជាដើមចម ឈានដល់ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ និងចោទប្រកាន់ពីបទក្បត់ជាតិ ដោយឃុបឃិតជាមួយបរទេស និងឈានដល់អនុវត្តច្បាប់រំលាយបក្សដែលទទួលបញ្ជាពីបរទេស អាចរកបានគ្រប់ទីកន្លែងលើប្រព័ន្ធអ៊ីនធឺណិត បណ្តាញទំនាក់ទំនងសង្គម ហើយបើសិនជាទូរទស្សន៍អាល់ហ្សាហ្សីរ៉ា មិនមានវិដេអូ កឹម សុខា ទាំងនេះទេ យើងប្រជាជនកម្ពុជា អាចផ្តល់ជូនបាន និងសូមស្នើឱ្យស្ថានីយទូរទស្សន៍នេះកែតម្រូវ ឬបញ្ចូលវិដេអូខ្លឹមសារដែល កឹម សុខា និយាយពីផែនការក្បត់ជាតិបង្ហាញទស្សនិកជនរបស់ខ្លួនផង។ បើពុំនោះទេទូរទស្សន៍អាល់ហ្សាហ្សីរ៉ាក៏ដូចជា សារព័ត៌មានមួយចំនួនទៀតរួម នឹងអ្នកកាសែតរបស់ពួកគេគ្រាន់តែជាអ្នកនាំពាក្យឱ្យក្រុមប្រឆាំងតែប៉ុណ្ណោះ។ ជាមួយគ្នានេះក៏ធ្វើឱ្យអ្វីដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វាយប្រហារលើបណ្តាញផ្សព្វ ផ្សាយបរទេសអន្តរជាតិមួយចំនួនផ្សព្វផ្សាយបំភ្លៃការពិត ប្រឌិតព័ត៌មានក្លែងក្លាយ ពិតជាត្រឹមត្រូវក្នុងនោះ រួមមានទាំងទូរទស្សន៍អាល់ហ្សាហ្សីរ៉ាផងដែរ។

ក្នុងវិដេអូឃ្លីប កឹម សុខា បាននិយាយជាមួយប្រជាពលរដ្ឋនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៣ និងត្រូវបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន SBN ថា៖ «តាំងពីឆ្នាំ ១៩៩៣ តាំងពីខ្ញុំជាប់ជាតំណាងរាស្ត្រដំបូង អាម៉េរិក រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិក មុនគេបង្អស់ក្នុងនាមអ្នកនយោបាយនៅក្នុងប្រទេស…។ ជាយុទ្ធសាស្ត្រនយោ បាយរបស់ប្រជាធិបតេយ្យគេធ្វើ់ ហើយសហរដ្ឋអាម៉េរិកដែលគេជួយខ្ញុំនេះ គេឱ្យខ្ញុំយកម៉ូឌែលតាម នៅប្រទេសយូហ្គោស្លាវី ស៊ែបប៊ីដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិក បាននោះ។ មីឡូសូវិកមានរថក្រោះច្រើនណាស់បងប្អូន ប៉ុន្តែគេប្តូរបានដោយសារតែគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធនេះមកឱ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មាននរណាដឹងទេ។ ប៉ុន្តែយុទ្ធសាស្ត្រនេះដោយសារតែថ្ងៃនេះយើងឈានដល់ជោគជ័យមួយដំណាក់ហើយ ខ្ញុំត្រូវប្រាប់បងប្អូនឱ្យបានដឹង ហើយនៅបន្តទៀត នឹងជោគជ័យ យើងនឹងទទួលបានឱ្យតែយើងដើរតាម។ ….មិនមែនធម្មតាទេបងប្អូន ខ្ញុំអត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតោន នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ដែលអាមេរិកាំងគេជួលមកដើម្បីធ្វើការផ្តល់មតិឱ្យខ្ញុំ របៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំផ្តាច់ ការនៅស្រុកខ្មែរហ្នឹង ហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹងហើយ មានយុទ្ធសាស្រ្តប៉ុណ្ណឹងហើយ បើមិនជោគជ័យទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ»

ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនទោះជាផ្សាយបំផ្លើសការពិត ក៏ក្រុមប្រឆាំងនិងជនបរទេសមួយចំនួនកោតសរសើរ ប៉ុន្តែសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលដើរតួនាទីផ្សព្វផ្សាយការពិតជូនដល់ប្រជាជនកម្ពុជាដូចជា អង្គភាពព័ត៌មាន Fresh News ត្រូវបានគេចោទនិងលាបពណ៌ថា ជាប្រព័ន្ធឃោសនារបស់រាជរដ្ឋាភិបាលទៅវិញ។ ប្រព័ន្ធផ្សព្វផ្សាយជាតិកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីការពិតអំពីកម្ពុជា ដើម្បីការយល់ដឹងរបស់ប្រជាពលរដ្ឋចៀសវាងការជឿលើការមួលបង្កាច់ស្ថានការណ៍ពិត របស់ប្រព័ន្ធផ្សាយបរទេសមួយចំនួន ហើយ Fresh News បានចាក់ផ្សាយទាំងស្រុងអំពីការពិតដែល កឹម សុខា សារភាពពីផែនការនៃការក្បត់ជាតិ។ ភាពយន្តឯកសារ ដែលអ្នកកាសែតទូរទស្សន៍អាល់ហ្ស៉ាហ្សីរ៉ាផលិតឡើង មានចរិតវាយប្រហារផ្នែកនយោបាយ ជាងការផ្តល់ព័ត៌មានដល់អ្នកស្តាប់របស់ខ្លួននេះ ដែលមើលទៅហាក់ដូចជាបង្ហាញថា អ្នកកាសែតដែលផលិតឯកសារនេះអាចត្រូវបានក្រុមហ៊ុន ប៊ែឡីន រូហ្សិន (Berlin Rosen) ដែល សម រង្ស៊ី បានជួលក្នុងតម្លៃ២៥ម៉ឺនដុល្លារអាមេរិកឱ្យធ្វើយុទ្ធនាការបំផ្លាញកម្ពុជានេះ ទិញខ្លួនឱ្យផលិតវិដេអូឯកសារនេះឡើង ឬមានអ្នកនៅពីក្រោយខ្នងជា អ្នកជួលឱ្យអ្នកកាសែតនេះធ្វើដោយថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍អាល់ហ្សាហ្សីរ៉ា មិនដឹងព្រោះវិដេអូនេះ ផ្តោតខ្លឹមសារលើការមួលបង្កាច់ខុសពីការពិត និងការលាបពណ៌ បំភ្លៃ បំផ្លើសអំពីកម្ពុជា ដែលនេះស្ថិតក្នុងផែនការបដិវត្តន៍ពណ៌មួយ។

អតីតមន្ត្រីទីភ្នាក់ងារសម្ងាត់សេអ៉ីអាអាមេរិក (CIA) បានថ្លែងថា វាកាន់តែមានភាពងាយស្រួលក្នុងការទិញអ្នករាយការណ៍ព័ត៌មានម្នាក់ ជាជាងការទិញបណ្តាញសារព័ត៌មានមួយ ដើម្បីផ្សព្វផ្សាយព័ត៌មានបំផ្លើសក្នុងចេតនាបង្កចលាចលសង្គម និងញុះញង់ឱ្យមានការងើបបះបោរ ហើយនេះជាអ្វីដែលយើងបានធ្វើ ហើយសេអ៉ីអាក៏បានរក្សា និងធ្វើការងារជាមួយអ្នកសារព័ត៌មានអាមេរិក និងបរទេសជាច្រើនដោយផ្តល់ប្រាក់ខែ»។

វាស្ទើរតែមិនជឿដែលអ្នកកាសែតវិជ្ជាជីវៈមួយ ត្រូវបានគេទិញបាន និងផលិតឯកសារវិដេអូដែលបំភ័ន្តសាធារណៈមតិ និងធ្វើឱ្យប៉ះពាល់ដល់កត្តិយសជាតិ និងប្រជាជនកម្ពុជា។ តើនរណាទៅជាអ្នកនៅពីក្រោយខ្នងនៃការផលិតវិដេអូនេះ? ប្រសិនមិនដូចអ្វីដែលលើកឡើងទេ អ្នកកាសែតទូរទស្សន៍អាល់ហ្សា ហ្សីរ៉ា គួរមានភាពក្លាហានទទួលស្គាល់ ពីកង្វះខាតក្នុងវិជ្ជាជីវៈរបស់ខ្លួន ហើយធ្វើការកែតម្រូវ និងបង្ហាញពីការពិតនៃវិដេអូក្បត់ជាតិរបស់ កឹម សុខា ជាជាងការលាក់បាំងដើម្បីផលប្រយោជន៍នយោបាយ។  

សូមទស្សនាវិដេអូពេញដែលលោក​ កឹម សុខា ថ្លែងអំពីផែនការបដិវត្តពណ៌។


ពីអតីតអ្នកសារព័ត៌មានកម្ពុជាសម័យសង្គ្រាមមួយរូប
រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨