(ត្បូងឃ្មុំ)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះ សំណេះសំណាល ជាមួយសមាជិក-សមាជិកា ក្នុងឃុំចំនួន៦ នៃស្រុកកំពង់សៀម ដើម្បីពិនិត្យពីវឌ្ឍនភាព និងវាយតម្លៃ លើចំណុចខ្លាំង និងចំណុចខ្សោយ លើលទ្ធផលនៃយុទ្ធនាការ ឃោសនាបោះឆ្នោត។
ឃុំចំនួន៦ នៃស្រុកកំពង់សៀម រួមមាន៖ ឃុំទ្រាន, ឃុំស្រក, ឃុំហាន់ជ័យ, ឃុំរំចេក, ឃុំកៀនជ្រៃ និងឃុំរអាង។ ក្នុងនោះ មេឃុំនីមួយៗ បានរាយការណ៍ស្រដៀងគ្នាថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទូទាំងឃុំ ទទួលលទ្ធផល គួរកត់សម្គាល់ មានដូចជាបានធ្វើការចុះឈ្មោះ និងការផ្ទៀងផ្ទាត់ឈ្មោះសមាជិកបក្ស ក្នុងបញ្ជីបោះឆ្នោត ការធ្វើអត្តសញ្ញាណប័ណ្ណ និងការណែនាំ ពន្យល់ពីរបៀបគូសប័ណ្ណបោះឆ្នោត ឲ្យបានត្រឹមត្រូវ។
មេឃុំទាំង៦ ខាងលើនេះ បានលើកឡើងថា ឃុំរបស់ខ្លួន បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឃុំរបស់លោក នឹងទទួលបានលទ្ធផល ល្អប្រសើរ។
ជាក់ស្តែងចេញពីលទ្ធផលដែលសម្រេចបាន លោក វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ គិតគូត្រៀមរៀបចំគ្រប់ជ្រុងជ្រោយ របស់ប្រធាន អនុប្រធាន និងសមាជិកបក្សឃុំទាំង៦ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កន្លងមកទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ដើម្បីឈានទៅសម្រេចបានជោគជ័យ លោក វេង សាខុន បានផ្តាំផ្ញើណែនាំ និងផ្តល់អនុសាសន៍បន្ថែម ជូនដល់សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ មានជាអាទិ៍៖
១៖ ត្រូវខិតខំបន្តសកម្មភាពឃោសនា ឲ្យបានកាន់តែល្អប្រសើរថែមទៀត ធ្វើយ៉ាងណាទាក់ទាញសមាជិក ឲ្យបានយល់ពីសារៈសំខាន់ នៃការបោះឆ្នោតនេះ
២៖ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវ និងវាយបកឲ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពញុះញង់ មួលបង្កាច់បែបអមិត្ត ក្នុងចេតនាបំផ្លិចបំផ្លាញ បរិយាកាសទាំងពេលឃោសនា និងក្នុងអំឡុងពេលបោះឆ្នោត
៣៖ ត្រូវប្រាកដថា សមាជិកយើងគ្រប់ៗរូបទាំងអស់ បានអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា ពិសេសចេះគូស សន្លឹកឆ្នោតបានត្រឹមត្រូវ យកជាការបាន
៤៖ ត្រៀមរៀបចំមធ្យោបាយគ្រប់គ្រាន់ ជូនសមាជិកបក្សយើងឲ្យបានល្អប្រសើរ ក្នុងការផ្តល់ឲ្យសមាជិកបក្ស មានលទ្ធភាពទៅចូលបោះឆ្នោតបានគ្រប់ៗគ្នា។
ជាមួយគ្នានោះ លោក វេង សាខុន ក៏បានផ្តាំផ្ញើសូមកុំពិសារគ្រឿងស្រវឹង នៅថ្ងៃទី២៨ ក្រែងជ្រុលជ្រួសភ្លេចកាតព្វកិច្ចរបស់ខ្លួន នៅថ្ងៃបន្ទាប់ និងសូមអញ្ជើញបងប្អូនសមាជិក ទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ដែលមានជូនគណបក្សប្រជាជន លេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជន គឺដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕