(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ រួមនឹងលោកស្រី ក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការរដ្ឋបាលខណ្ឌ និងអាជ្ញាធរសង្កាត់កោះដាច់ ព្រមទាំងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តសាមគ្គីក្បាលកោះ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួន ប្រគេនចំពោះព្រះសង្ឃចំនួន៧វត្ត ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ សម្រាប់ប្រើប្រាស់ក្នុងពេលចូលព្រះវស្សានាពេលខាងមុខ ចាប់ពីថ្ងៃ១រោច ខែទុតិយាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ។
ទេយ្យវត្ថុដែលយកទៅប្រគេនរួមមាន របស់សាលារាជធានីភ្នំពេញ សាលាខណ្ឌជ្រោយចង្វារ សាលាសង្កាត់កោះដាច់ និងពុទ្ធបរិស័ទ សរុបទាំង៧វត្ត រួមមាន៖ ទៀនវស្សា៧គូ, សាដក៧, អង្ករ ១៤បាវ (១បាវស្នើនឹង៥០គ.ក្រ), មី១៤កេស, ទឹកដោះគោ៧កេស, ទឹកបរិសុទ្ធ២៨កេស, ទឹកក្រូច២៨កេស, ទឹកផ្លែឈើ១៤កេស, ស្ករស៧បាវ (១បាវ=២៥គ.ក្រ), ប្រេង៧កាន និងបច្ច័យ ៣,៥៧០,០០០រៀល។
ក្នុងឱកាស នៃមហាបុណ្យកុសលនោះផងដែរ លោក ឃ្លាំង ហួត បានណែនាំដល់កងកម្លាំងគ្រប់ប្រភេទ ត្រូវពង្រឹងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ និងត្រូវចូលរួម សហការ ជួយសម្រួលចរាចរដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងមូលដ្ឋានខណ្ឌ។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យអញ្ជើញ ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ។
សូមឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លា សូមកើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់ សូមអនុមោទនាទទួលយកចំណែកបុណ្យស្មើៗគ្នា៕