(ព្រៃវែង)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកពោធិ៍រៀង និងជាប្រធានក្រុមការងារ ឃុំកំពង់ឬស្សី ខេត្តព្រៃវែង លោក ឯម សំណាង បានលើកឡើងថា បោះឆ្នោតជូនគណបក្សប្រជាជន គឺគ្មានសង្គ្រាម ដូចអតីតកាលនោះទេ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានសន្តិភាព ពាសពេញផ្ទៃប្រទេស និងការអភិវឌ្ឍរាល់ ថ្ងៃឈប់ឈរពីមួយថ្ងៃទៅមួយ។
ការលើកឡើងរបស់ លោក ឯម សំណាង ធ្វើឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នាឱកាសលោកចុះជួប សមាជិកសមាជិកាបក្ស និងប្រជាពលរដ្ឋដែលស្រលាញ់គណបក្សប្រជាជន ក្នុងមូលដ្ឋានឃុំកំពង់ឬស្សី ខេត្តព្រៃវែង ប្រមាណជាង៩០០នាក់ រួមនិងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា «បងប្អូនទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគ្មានសង្គ្រាមឡើយ ហើយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យកម្ពុជានាពេលសព្វថ្ងៃនេះ មានសន្តិភាព រួមនឹងការអភិឌ្ឍឥតឈប់ឈរ ពីមួយថ្ងៃទីមួយថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន ជាអ្នកសង្គ្រោះប្រទេសជាតិចេញពីរបបខ្មៅងងឹត ប៉ុល ពត ហើយយើងទាំងអស់គ្នាត្រូវដឹងគុណសម្តេចជានិច្ច»។
លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសដែលមានសមត្ថភាព ហើយអាចនឹងបន្តដឹកនាំប្រទេសជាតិរបស់យើងទៅមុខទៀត ប្រកបដោយភាពរីកចម្រើន គ្មាននរណាផ្សេងអាចជំនួសសម្តេចបាននោះទេ ក៏ព្រោះតែប្រជាជនកម្ពុជានៅត្រូវការសម្តេចគ្រប់ពេលវេលា។
ក្រៅពីនេះលោក ឯម សំណាង ក៏បានពន្យល់ពីរបៀបនៃការបោះឆ្នោតជូនប្រជាពលរដ្ឋ ដែលកំណត់ដោយ គជប រួមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅ ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ទៅចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ហើយបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ឈរឈ្មោះជានាយករដ្ឋមន្ត្រីនៃកម្ពុជាទៀត ដើម្បីដឹកនាំប្រទេសតទៅទៀត។
លោកបញ្ជាក់ថា «យើងបោះឆ្នោតជូនគណបក្សកម្ពុជា ដើម្បីសម្រេចជោគវាសនាអនាគត កូនចៅខ្មែរ ហើយដើម្បីធ្វើឲ្យកម្ពុជារីកចម្រើនបន្ថែមទៀតនៅថ្ងៃក្រោយ មានគណនបក្សប្រជាជន ប្រជាជននឹងមានជីវភាពធូធារ សន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើន»។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល២០ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា។ គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា «បក្សប្រជាជនបដិវត្ដន៍ខ្មែរ» បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ជាមួយគ្នានោះដែរលោក ឯម សំណាង បានប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ កុំឲ្យជឿលើញុះញុុង និងសំដីដ៏កខ្វក់របស់ ទណ្ឌិតសម រង្ស៊ី ដែលបានលើកឡើងថា ការបោះឆ្នោតអាណត្តិនេះមានរយៈពេល៣ថ្ងៃ ហើយការលើកឡើងនេះជាការបោកប្រាស់សុទ្ធសាធ ដែលនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រលំ។
លោកបានពន្យល់បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ឬស្សីថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា ក្នុងអាណត្តិទី៦នេះ មានរយៈពេលត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មិនដូចការលើកឡើងរបស់ទណ្ឌិតសម រង្ស៊ីនោះឡើយ៕