(កំពង់ស្ពឺ)៖ លោក ហ៊ុន​ ម៉ានី អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ស្ពឺ​ នៅសប្តាហ៍នេះ បានអញ្ជើញចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​ និ​ងសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ ក្នុង​ភូមិសាស្រ្ត​​ស្រុក​ភ្នំស្រួច​​ ខេត្ត​កំពង់​ស្ពឺ។​

នៅក្នុងឱកាសនោះ លោកតំណាងរាស្រ្ត សូមចូលរួមសោកស្តាយចំពោះការខូចខាត និងប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ មិនថា តែនៅខេត្តកំពង់ស្ពឺផ្ទាល់ ឬតាមបណ្តាខេត្តនានានោះទេ។

ស្ថិតក្នុង​កាលៈ​ទេសៈ​ដែល​កម្ពស់​ទឹក​​កំពុង​តែ​ឡើង​នេះ លោក​សូម​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ត្រៀម​ខ្លួន​​គ្រប់​គ្រង​ ក៏ដូច​ជា ​បញ្ចៀស​ហានិភ័យ​នានា​ដែល​អាច​បង្កនូវ​ផល​លំបាក​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ​ឱ្យ​អស់​ពី​សមត្ថភាព​។​

លោក ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងគាំទ្រការរក្សាបានសុខសុវត្ថិភាពរបស់ប្រជាជន ស្របតាមចំណាត់ការចេញពីការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជម្លៀសបងប្អូន មកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា។

គូស​បញ្ជាក់​​ផងដែរថា ថ្មីៗនេះដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្នុងស្រុកភ្នំស្រួចទាំងមូល ដែលជាហេតុបង្កឲ្យមានទឹកជំនន់ ក្នុងឃុំចំនួន៧ ក្នុងស្រុកភ្នំស្រួច (ក្រាំងដីវ៉ាយ , ត្រែងត្រយឹង, តាំងស្យា, ដំបូករូង, តាំងសំរោង, ព្រៃរំដួល និងចំបក់) ស្មើនឹង២៣ភូមិ ក្នុងនោះបណ្តាលឲ្យលិចផ្ទះរបស់ប្រជាពលរដ្ឋចំនួន៨ភូមិ និងបណ្តាលឲ្យមានផលប៉ះពាល់ដូចខាងក្រោម៖

*លិចដំណាំស្រូវសរុបចំនួន៤៩០.៥ហិកតា
*ចំការស្វាយសរុបចំនួន២៥២ហិកតា
*ដំណាំរួមផ្សំសរុបចំនួន១៥ហិកតា
*ច្រោះផ្លូវសរុបចំនួន១៤កន្លែង ស្មើនឹង១៣៣៥មែត្រ
*ដាច់ផ្លូវ១៣កន្លែង ស្មើនឹង៧០ម៉ែត្រ
*បាត់គោ៧ក្បាល៕