(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយលើបញ្ហាធំដែលកំពុង ប្រឈមសម្រាប់សង្គមមាន២ គឺមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នឹងបញ្ហាគ្រឿងញៀន ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ នៅបឋមសិក្សា និងវិទ្យាល័យដីដុះ ក្រុងកំពង់ចាម
ជាមួយគ្នានោះ លោក គួច ចំរើន ក៏បានជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្សថ្នាក់ទី១២ ឲ្យខិតខំរៀនសូត្រ ដើម្បីបន្តការសិក្សា ទៅថ្នាក់វិទ្យាល័យបន្តទៅមុខទៀត។
លោក គួច ចំរើន បានថ្លែងប្រាប់ទៅសិស្សានុសិស្ស នៃបឋមសិក្សា-វិទ្យាល័យដីដុះថា ក្នុងនាមជាសិស្សសាលា ត្រូវគិតលើបញ្ហា២ដ៏ធំ គឺមានគ្រោះថ្នាក់ចរាចរណ៍ នឹងបញ្ហាគ្រឿងញៀន ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ ដល់អាយុជីវិត ជនរួមជាតិជារៀងរាល់ថ្ងៃ។
លោកបានបន្ដថា «យើងត្រូវផ្សព្វផ្សាយបន្ត ត្រូវប្រុងប្រយ័ត្នដោយគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព ចេះអធ្យាស្រ័យគ្នា ចេះយោគយល់គ្នា កុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងជាដើម ក្នុងពេលកំពុងបើកបរ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ក្នុងការបើកបរ»។
អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដូច្នេះយើងត្រូវរួមគ្នាថែរក្សាជីវិត ដល់ពលរដ្ឋដោយកុំខឹង នឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ បញ្ហាជាពិសេសប្រចាំថ្ងៃនោះ គឺបញ្ហាសម្រាមត្រូវធ្វើការគ្រប់គ្រង់ បានត្រឹមត្រូវយើងត្រូវប្រមូលប្រចាំ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ សម្រួលចរាចរណ៍កុំឲ្យកក់ស្ទះនៅលើដងផ្លូវផងដែរ។
នាឱកាសនោះ លោក គួច ចំរើន បានគូសបញ្ជាក់ថា យុវជន គឺជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ ដើម្បីអភិវឌ្ឍន៍កសាងប្រទេស ឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន ត្រូវយល់ដឹងនូវផលប៉ះពាល់ ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។
អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់លោកគ្រូ-អ្នកគ្រូ ត្រូវធ្វើការណែនាំលើបញ្ហាអសកម្ម ដែលកើតមានឡើងលើបញ្ហាគ្រោះថ្នាក់ នឹងបញ្ហាគ្រឿងញៀន ក្នុងពេលគោរពទង់នៅបឋមសិក្សា និងវិទ្យាល័យដីដុះ ក្រុងកំពង់ចាម លោកបានជំរុញដល់សិស្សានុសិស្សទាំងអស់ បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង សង្គមគ្រួសារ នឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕