(វ៉ាស៊ីនតោន)៖ នៅក្នុងសញ្ញាថ្មីទៅកាន់ទីក្រុងម៉ូស្គូ ដែលកំពុងបញ្ចេញឥទ្ធិពលនៅឡើយក្នុងការគាំទ្រតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែននោះ មន្ទីរការពារជាតិអាមេរិក Pentagon បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយផ្នែកយោធាប្រមាណ ២០០លានដុល្លារ ទៅដល់រដ្ឋាភិបាលអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍ពីមន្ទីរបញ្ចកោណបានបញ្ជាក់ទៀតថា «ជំនួយខាងលើនេះនឹងជួយដល់ការហ្វឹកហ្វឺន បំពាក់គ្រឿងបរិក្ខា ប្រឹក្សាជំនាញ និងកសាងមូលដ្ឋានការពារខ្លួនរបស់កងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន»។ ការផ្តល់ជំនួយថ្មីនេះ គឺកើតមានឡើងតែជិតមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបញ្ចប់ជំនួបកំពូលទ្វេភាគីលើកដំបូងជាមួយលោក ពូទីន ដែលកាលណោះលោក ពូទីន ក៏បានព្យាយាមលើកឡើងពីបញ្ហាភាគខាងកើតអ៊ុយក្រែនផងដែរ ប៉ុន្តែត្រូវបានលោក ត្រាំ បដិសេធមិនពិភាក្សាឡើយ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសអ៊ុយក្រែន (ទីក្រុងកៀវ) ជាមួយនិងសហរដ្ឋអាមេរិកបានវិវឌ្ឍន៍កាន់តែរឹងមាំ បន្ទាប់ពីរុស្ស៊ីបានប្រើទ័ពផ្តាច់យកតំបន់គ្រីមា និងធ្វើការរៀបចំបោះឆ្នោតប្រជាមតិ រួចទើបផ្តាច់យកទីនោះជាកម្មសិទ្ធិខ្លួនដោយឯតោភាគីទាំងម្តង។ ប្រការនេះបាននាំឲ្យអាមេរិក និងសម្ព័ន្ធមិត្ត (អឺរ៉ុប) ចាប់ផ្តើមដាក់សម្ពាធការទូត និងទណ្ឌកម្មសេដ្ឋកិច្ច លើទីក្រុងម៉ូស្គូរហូតដល់បច្ចុប្បន្ន ហើយថែមទាំងធ្វើការគាំទ្រទាំងផ្នែកសេដ្ឋកិច្ច និងយោធាដល់អ៊ុយក្រែនកាន់តែខ្លាំង៕