(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ម៉ូតូចំនួន៥១គ្រឿង ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នីមួយៗទាំង៥១ក្នុងខេត្តព្រះវិហារ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ យិន ចំណានបានឲ្យដឹងថា នេះជាលើកទី៤ហើយ ដែលក្រសួងមហាផ្ទៃ បានប្រគល់របបម៉ូតូបន្ថែម ពីលើរបបសាំង និងថវិកាប្រចាំត្រីមាស ដែលក្រសួងបានផ្ដល់ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ នៅទូទាំងប្រទេស ក៏ដូចជា ក្នុងខេត្តព្រះវិហារ សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកស្នងការនគរបាលខេត្ត បានជម្រុញឲ្យកងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់បង្រ្កាបបទល្មើសផ្សេងៗឲ្យមានប្រសិទ្ធភាព ពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។
ថ្លែងក្នុងឱកាសលោក អ៊ុន ចាន់ដា បានបញ្ជាក់ថា របបម៉ូតូនៅទីនេះ គឺបានបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងសេចក្ដីត្រូវការរបស់កងកម្លាំងនគរបាលទាំងអស់ហើយការប្រគល់ម៉ូតូនេះ គោលបំណងបង្កលក្ខណៈកាន់តែងាយស្រួល ដល់បងប្អូនកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រើប្រាស់សម្រាប់ជាមធ្យោបាយក្នុងការបំពេញប្រតិបត្តិការការងារ អន្តរាគមន៍បានទាន់ពេលវេលា ចំពោះរាល់គ្រប់សភាពការណ៍ ដែលបានកើតឡើងជាក់ស្ដែងនៅមូលដ្ឋាន។
ជាមួយគ្នានេះផងដែរលោកអភិបាលខេត្តបានបញ្ជាក់ថា ម៉ូតូនេះគឺប្រគល់ឱ្យប៉ុស្តិ៍នគរបាលដោយមិនគិតលុយនោះទេ កន្លងមកនៅខេត្តផ្សេងបានលេចឮព័ត៍មានថាមានការយកលុយ តែសម្រាប់ខេត្តព្រះវិហារកុំឱ្យកើតមានឱ្យសោះ ដោយលោកអភិបាលខេត្ត បានផ្តាំផ្ញើរទៅលោកស្នងការ និងអធិការក្រុងស្រុកត្រូវតាមដានសកម្មភាពនេះផង។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ឆ្លើយតបទៅនឹងការគិតគូរយកចិត្តទុកដាក់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកម៉ូតូទៅប្រើប្រាស់ឱ្យបានចំទិសដៅបម្រើឱ្យផលប្រយោជន៍រួម ផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ និងចៀសវាងឱ្យបាននូវការយកមធ្យោបាយនេះ ទៅប្រើប្រាស់ខុសគោលដៅ បម្រើឱ្យផលប្រយោជន៍បុគ្គល ព្រមទាំងថែរក្សាឱ្យបានគង់វង្សយូរអង្វែង។
បន្ថែមពីនេះ លោកអភិបាលខេត្តព្រះវិហារក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន ឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត ដើម្បីផ្ដល់ភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើ គ្រប់ពេលវេលា យកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិសរបស់ប្រធានអង្គភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាលឱ្យបានម៉ឺងម៉ាត់ និងបន្តការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ដល់ដំណើរការបោះឆ្នោតទាំងមូលឱ្យបានល្អប្រសើរ ជាពិសេសត្រូវការពារការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការដឹកជញ្ជូនសន្លឹកឆ្នោត ព្រមទាំងត្រូវទប់ស្កាត់ឲ្យបានកុំឱ្យមានជាដាច់ខាត ចំពោះរាល់សកម្មភាពដែលបង្កភាពអនាធិបតេយ្យ ដល់ការិយាល័យបោះឆ្នោត ហើយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានតឹងរឹងលើសកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត។
ជាមួយគ្នានេះផងដែរលោក អ៊ុន ចាន់ដា បានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នូវស៊ីម៉ង់ត៍ចំនួន៣៦តោន សង្ក័សី៥ម៉ែត្រចំនួន៣៦សន្លឹក សង្ក័សី២ម៉ែត្រចំនួន១៧សន្លឹក គ្រួសអងឌឺចំនួន៨២ម៉ែត្រគូប និងខ្សាច់ចំនួន២៦ម៉ែត្រគូប សម្រាប់សាងសង់ដាក់សម្ភារផ្សេងៗផងដែរ៕