(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យរថយន្ដធុនធំ អាចធ្វើចរាចរបានឡើងវិញ នៅលើផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ប៉ុន្ដែតម្រូវឲ្យរថយន្ដធុនធំទាំងអស់ ធ្វើដំណើរនៅលើទ្រូងផ្លូវតែប៉ុណ្ណោះ សម្រាប់កន្លែងដែលរងដោយទឹកជំនន់ ដើម្បីជៀសរៀងការខូចខាតផ្លូវ បន្ទាប់ពីផ្អាកការធ្វើការចរាចរ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារបញ្ហាទឹកជំនន់ហូរកាត់ផ្លូវ។
បើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា «តាមការឯកភាពពីអភិបាល ខេត្តព្រះសីហនុ លោក យន្ត មីន, អភិបាលខេត្តកំពង់ស្ពឺ និងលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គឺកម្លាំងឯកភាពស្រុកកំពង់សិលា កំពុងសម្រួលចរាចរណ៍ ឲ្យរថយន្ដធុនធំធ្វើដំណើរបានវិញហើយ»។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសង្កត់ថា តែការបើកឲ្យរថយន្ដធុនធំ អាចធ្វើដំណើរបាននេះ តម្រូវឲ្យរថយន្ដធុនធំទាំងអស់ ធ្វើដំណើរតែនៅលើទ្រូងផ្លូវតែប៉ុណ្ណោះ ដើម្បីជៀសរៀងខ្លាចមានការខូចខាតផ្លូវ ខណៈដែលផ្លូវនេះ ទឹកទើបតែនឹងស្រក។
សូមជម្រាបថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យរាជធានីខេត្តមួយចំនួនរបស់កម្ពុជា រងគ្រោះដោយទឹកជំនន់ ពិសេសខេត្តកំពង់ស្ពឺ ទឹកជំនន់បានបង្កឲ្យលិចលង់ផ្ទះអ្នកស្រុក និងផ្លូវជាតិ បង្ខំឲ្យអាជ្ញាធរផ្អាកការធ្វើចរាចរលើផ្លូវជាតិលេខ៤ ប៉ុន្តែថ្ងៃនេះ ផ្លូវជាតិដ៏សំខាន់នេះត្រូវបានប្រកាសឲ្យធ្វើចរាចរដូចធម្មតាវិញ៕