(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមការងាររបស់ក្រសួង និងអាជ្ញាធររាជធានីភ្នំពេញ បានគ្រប់គ្រងទាំងស្រុងហើយ នៃជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត ដែលហូរចាក់ចូលមកខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោករដ្ឋមន្ដ្រី លឹម គានហោ ដែលកំពុងមានវត្តមានដឹកនាំមន្ដ្រីបច្ចេកទេសអន្ដរាគមន៍នៅតាមទំនប់សណ្ដរ នៃស្ទឹងព្រែកត្នោត និងទំនប់៧មករានោះ បានបញ្ជាក់ថា «នៅទាបភ្លឺនេះទឹកស្ទឹងព្រែកត្នោត មានការកើនឡើងដែលខុសពីបណ្ដាឆ្នាំមុនៗ ដែលឆ្នាំ២០១០ដែលកើនឡើងខ្លាំងនោះ កម្ពស់១.២៧ម៉ែត្រ តែព្រឹកមិញនេះឡើងដល់ ១.៤៧ម៉ែត្រ ដែលជាការឡើងក្នុងកម្រិតអតិបរមា ប៉ុន្ដែក្រុមការងារបច្ចេកទេសបានធ្វើការទប់ស្កាត់ទាន់ពេលវេលា តាមរយៈការចាក់ដីបំពេញលើទំនប់សណ្ដរ ស្ទឹងព្រែកត្នោត និងបិតរន្ធនាគ មិនឲ្យការហូរច្រោះកើតឡើងទៀតឡើយ»។
ដូច្នេះលោករដ្ឋមន្ដ្រី សូមប្រកាសជូនប្រជាពលរដ្ឋរាជធានីភ្នំពេញ និងខេត្តកណ្ដាលថា មិនមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង នៅតាមដងស្ទឹងព្រែកត្នោតទៀតនោះឡើយ។
បើតាមលោករដ្ឋមន្ដ្រី លឹម គានហោ ការគ្រប់គ្រងដោយមានប្រសិទ្ធភាពនេះ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ក៏មានការបញ្ហាអ្វីកើតឡើងទៀតដែរ ដោយសារផ្នែកខាងលើពុំមានភ្លៀងធ្លាក់ ហើយក៏ពុំមានការកើនឡើងចំនួនទឹកទៀតនោះទេ។
សូមជម្រាបថា ចំណាត់ការដ៏មានប្រសិទ្ធភាពនេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងាររបស់ក្រសួងធនធានទឹក និងអាជ្ញាធរខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រចាំការតាំងពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ព្រឹកថ្ងៃទី២១ ខែកក្កដានេះ ដើម្បីត្រៀមអន្ដរាគមន៍ដើម្បីទប់ស្កាត់គ្រោះធម្មជាតិនេះ។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីក្រសួងធនធានទឹក ក៏សូមថ្លែងអំណរគុណដល់មន្ដ្រី អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលបានសហការទាំងអស់គ្នាក្នុងការទប់ស្កាត់ គ្រោះធម្មជាតិមួយនេះកុំឲ្យមានការប៉ះពាល់ និងគំរាមកំហែងនៅពេលខាងមុខនេះ។
យ៉ាងណាមិញ សម្រាប់ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់នៅទូទាំងប្រទេសនោះ លោក លឹម គានហោ បានបញ្ជាក់ថា ក៏មានការថមថយ និងធូរស្រាលហើយ ពុំមានបញ្ហាអ្វីចោទនោះទេ៕