(ភ្នំពេញ)៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោត លែងមានអ្វីដែលគួរត្រូវព្រួយបារម្ភទៀតហើយ ដោយសារស្ថានភាពទឹកបានស្រកទៅវិញជាបណ្ដើរ ប៉ុន្ដែក្រុមការងារ របស់ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរមូលដ្ឋាន កំពុងប្រចាំការដើម្បីទប់ស្កាត់ រហូតទល់ភ្លឺនៅទំនប់៧មករា តាមផ្លូវជាតិលេខ៣ ដែលនៅទីនោះមានទ្វារទឹក។ នេះបើតាមលោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
លោក ចាន់ យុត្ថា បានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹម
ម៉ោងនេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត លែងមានអ្វីដែលត្រូវគួរឲ្យព្រួយបារម្ភទៀតហើយ ប៉ុន្ដែនៅយប់នេះក្រុមការងារក្រសួងធនធានទឹក ក្រោមការបញ្ជាផ្ទាល់ពី លោករដ្ឋមន្ដ្រី លឹម គានហោ សហការជាមួយអាជ្ញាធរមូលដ្ឋានរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បាននិងកំពុងប្រចាំការរហូតទល់ភ្លឺ នៅទំនប់៧មករា ដើម្បីទប់ស្កាត់ និងជួយអន្ដរាគមន៍ នៅពេលមានបញ្ហាកើតឡើង»។
បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ រហូតមកដល់ម៉ោងនេះ ទឹកមិនទាន់មានស្ថានភាពធ្ងន់ធ្ងរនោះទេ ដោយសារស្ថានភាពទឹកនៅខាងលើបានស្រក ហើយលោករដ្ឋមន្ដ្រី លឹម គានហោ បានបញ្ជាឲ្យបើកទ្វារទឹកនៅរលាំងជ្រៃ ខណៈដែលទ្វារទឹកកំពង់ទួល នៃទំនប់៧មករា ដែលមានចំនួន៣ទ្វារនេះ គឺលោករដ្ឋមន្ដ្រី បានបញ្ជាឲ្យទម្លាក់ចំនួន២ម៉ែត្រ។
លោក ចាន់ យុត្ថា បានបន្ថែមថា ស្ថានភាពទឹកនៅខាងក្រោមទ្វារទឹក ក៏បានស្រកចុះផងដែរ ប៉ុន្ដែចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទ្វារទឹកទៅក្រោម មិនទាន់ស្រកនៅឡើយទេ គឺនៅហ្នឹងដែលជាធម្មជាតិរបស់ទឹក។ ជារួមលោកបានបញ្ជាក់ថា ស្ថានទឹកស្ទឹងព្រែកត្នោត ក្រុមការងារជំនាញអាចគ្រប់គ្រងបាន ដោយកន្លែងណាទាប ក្រុមការងារបានកាយដីដាក់បន្ថែម និងមានច្រកខ្សាច់ដើម្បីទប់ស្កាត់ផងដែរ។
យ៉ាងណាក៏ដោយ ក្រុមការងារជំនាញ កំពុងតែបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ នៅស្ថានភាពទឹកស្ទឹងព្រែកត្នោត ពិសេសខ្លាចមានទឹកហូរច្រោះ (មានរន្ធនាគ) នៅខាងក្រោមទំនប់ ដែលអាចបង្កជាគ្រោះថ្នាក់ ហើយប្រសិនបើមានក្រុមការងារ បានធ្វើការបិតការហូរច្រោះភ្លាមៗផងដែរ៕