(កំពង់ចាម)៖ កម្មការិនីសរុប២៨៤នាក់ ក្នុងនោះ១២នាក់ជាស្ដ្រីមានផ្ទៃពោះ បានដួលសន្លប់ជាបន្ដបន្ទាប់នៅក្នុងរោងចក្រ កាលីនតុន ស្ថិតក្នុងឃុំខ្នុលដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បណ្ដាលមកពីការភ័យខ្លាចរឿងឆ្លងចរន្ដអគ្គិសនី ហើយខ្វះខ្យល់ដកដង្ហើម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅមុនពេលកើតហេតុកម្មករ កម្មការិនី កំពុងតែបំពេញការងារដូចធម្មតា នៅក្នុងអគារ A នៃរោងចក្រកាលីនតុន មានកម្មករសរុបជាង២០០០នាក់ ស្រាប់តែពេលក៏មានករណីឆ្លងចរន្ដអគ្គិសនី ធ្វើឲ្យបង្ហារបឺត ឬបង្ហារជំនួយផ្សេងៗ អត់ដំណើរការ ទើបធ្វើឲ្យកម្មការិនី ២-៣នាក់ ទន់ដៃទន់ជើង។ ភ្លាមៗនោះ ក៏មានការផ្អើលឆោឡោសន្លប់ជាបន្ដបន្ទាប់ រហូតដល់២១១នាក់ ក្នុងនោះ១១នាក់ ជាកម្មការិនីមានផ្ទៃពោះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយកើតកម្មការិនី ដែលបានជួលសន្លប់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ និងមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ដោយក្នុងនោះមន្ទីរបង្អែកស្រុកបាធាយ មានជនរងគ្រោះដេកសម្រាកព្យាបាល ចំនួន១៣៨នាក់ និងមន្ទីរបង្អែកស្រុកជើងព្រៃ មានជនរងគ្រោះកម្មការិនី ដេកសម្រាកព្យាបាលចំនួន១៤៦នាក់។
យ៉ាងណាមិញ បន្ទាប់ដឹងនូវហេតុការណ៍នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោក ម៉ា ឈឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាព ជាក់ស្ដែងនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ទាំងលោក គួច ចំរើន និងលោក ម៉ា ឈឿន ដែលបានចុះទៅត្រួតពិនិត្យអាការៈជនរងគ្រោះផ្ទាល់ និងបានណែនាំក្រុមគ្រូពេទ្យយកចិត្តទុកដាក់ ជួយសង្គ្រោះឲ្យបានម៉ត់ចត់បំផុត នៅតាមមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ និងស្រុកបាធាយ។
អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រោមទទួលបានការពិនិត្យ និងសង្គ្រោះយ៉ាងយកចិត្ដទុកដាក់នោះ កម្មការិនីទាំង២៨៤នាក់ បានមានអាការៈធូរស្បើយដូចដើមវិញហើយ ដោយមិនមានជនរងគ្រោះណាម្នាក់មានអាការៈធ្ងន់ធ្ងរនោះទេ៕