(កំពង់ស្ពឺ)៖ ដោយក្ដីបារម្ភពីសុខទុក្ខ របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តកំពង់ស្ពឺ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាព នៃផលប៉ះពាល់ ក្នុងគោលបំណងស្វែងរក វិធានការអន្តរាគមន៍ ដើម្បីជួយសង្គ្រោះ និងស្តារស្ថានភាពឲ្យល្អប្រសើរឡើងវិញ ជូនប្រជាកសិករ ក្នុងរដូវវស្សាឆ្នាំនេះ។
ការចុះពិនិត្រនេះធ្វើឡើង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីត្រួតពិនិត្រពីស្ថានភាពបង្កបង្កើនផល និងជីវិតសត្វពាហនៈ របស់ប្រជាកសិករ ក្នុងស្រុកសំរោងទងខេត្តកំពង់ស្ពឺ ដែលត្រូវបានប៉ះទង្គិច ដោយសារទទួលរងនូវបាតុភាពគ្រោះធម្មជាតិ បង្កឡើងដោយទឹកជំនន់ទឹកភ្លៀង។
សូមបញ្ជាក់ថា បាតុភាពគ្រោះធម្មជាតិ ដែលបង្កឡើងដោយទឹកជំនន់នាប៉ុន្មានថ្ងៃនេះ បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ដីស្រែ របស់ប្រជាកសិករជាង១ពាន់ហិកតា ប៉ុន្តែមកទល់ពេលនេះស្ថានភាពទឹកជំនន់ មិនបង្កឲ្យខូចខាតធ្ងន់ធ្ងរនោះទេទាំងដំណាំស្រូវ និងសត្វហណៈ រហូតមកទល់ពេលនេះ ទឹកបានស្រកចុះជាបណ្តើរៗ ហើយការលិចលង់ នៅសល់តិចតួចណាស់ គឺនៅសេសសល់ តែតំបន់ទំនប់មាត់អូរតែប៉ណ្ណោះ។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ឲ្យបង្កើនការយកចិត្តទុកដាក់ ចុះពិនិត្យស្ថានភាពប្រជាកសិករប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព តាមសារាចរណែនាំរបស់ក្រសួងស្តីពី វិធានការជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករក្នុងការស្តារការដាំដុះឡើងវិញ និងការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ ដែលបានជួបគ្រោះទឹកជំនន់ទឹកភ្លៀងរដូវវស្សាឆ្នាំ២០១៨៕