(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានសារភាពប្រាប់ប្រជាពលរដ្ឋស្រុកព្រៃឈរថា ក្តីប្រាថ្នាចង់ឃើញប្រជាជនខ្មែរ បានរស់នៅក្រោមម្លប់សន្តិភាព ហើយប្រទេសកម្ពុជា បានរីកចម្រើនដូចអារ្យប្រទេស គឺជាហេតុផលចម្បងតែមួយគត់ ដែលស្ថិតនៅពីក្រោយការធ្វើមាតុភូមិនិវត្តន៍របស់លោកពីសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៩២។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «ខ្ញុំតែងនឹកមមៃជានិច្ច ដើម្បីត្រលប់មកជួយប្រទេសកំណើត! ឱកាសមកដល់ក្នុងឆ្នាំ១៩៩២ ខ្ញុំបានវិលមកស្រុកខ្មែរ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ នៃអង្គការសហប្រជាជាតិ ដើម្បីជួយរៀបចំការបោះឆ្នោតលើកដំបូងនៅកម្ពុជា បន្ទាប់ពីនោះ ខ្ញុំក៏បានទទួលការស្នើពីថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ឲ្យនៅបន្តជួយរៀបចំការអភិវឌ្ឍប្រទេស ពេលនោះខ្ញុំបានយល់ព្រមដោយគ្មានស្ទាក់ស្ទើរ ព្រោះខ្ញុំតែងប្រាថ្នាចង់ឃើញប្រជាជន រស់នៅក្នុងសុខសន្តិភាព ហើយប្រទេសជាតិបានសម្បូរសប្បាយ»។
បេក្ខជនតំណាងរាស្ត្ររូបនេះ បានសារភាពដូច្នោះ នាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសំឡេងឆ្នោតនៅក្នុងឃុំថ្មពូន នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណ៤០០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ អំពីការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ចាប់ពីតំណែងទីប្រឹក្សាបច្ចេកទេស រហូតទទួលបានទំនុកចិត្ត និងការផ្តល់តំណែង ពីរាជរដ្ឋាភិបាល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រកបដោយកិត្តិយសដូចពេលបច្ចុប្បន្ន។
លើសពីនេះ លោកតំណាងរាស្ត្រ ក៏បានបកស្រាយអំពីអត្ថន័យ និងសារៈសំខាន់ នៃគោលនយោបាយទាំង១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ និងបានថ្លែងនូវសារនយោបាយរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់ទៅលើសមិទ្ធផលធំៗ និងស្នាដៃដឹកនាំរយៈពេល៣៩ឆ្នាំ របស់គណបក្ស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
បន្ថែមលើនេះទៀត លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកព្រៃឈរទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោតដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕