(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសណ្ឋារគារ៧មករា មានកិច្ចប្រជុំបូកសរុបសកម្មភាពគ្រីស្ទបរិស័ទ ខេត្តកំពង់ចាម ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ គង្វាល សមាជិក-សមាជិកា នៃគ្រីស្ទបរិស័ទទូទាំងខេត្តកំពង់ចាម។
នាឱកាសនោះ លោក គួច ចំរើន បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជនរួមជាតិ ដែលបានកាន់សាសនាផ្សេងៗ ដោយមិនប្រកាន់សាសនាមួយឡើយ ដូចនៅពេលនេះ សាសនាគ្រីស្ទបរិស័ទ ក៏បានដើរតួក្នុងការកសាងខ្លួន ឲ្យមនុស្សប្រព្រឹត្តអំពើល្អ ដើម្បីឲ្យសង្គមមានរីកចម្រើន និងសុខសាន្តកាន់តែប្រសើរឡើង។
លោកបានលើកឡើងថា ប្រសិនបើប្រទេសមានសង្គ្រាមនោះច្បាស់ណាស់ និងគ្មានសាសនាណាមួយកើតមានឡើយ ដោយសារមុនថ្ងៃរំដោះ ៧មករា ១៩៧៩ គ្រប់សាសនាគ្រប់ជាតិសាសន៍ រស់នៅស្ថិតក្នុងភាពភ័យខ្លាច គ្មានសេរីភាព ដូចបច្ចុប្បន្ននេះឡើយ។
លោក គួច ចំរើន បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែង លើវិស័យសាសនា ដោយមិនប្រកាន់និន្នាការ នយោបាយឡើយ គឺធ្វើយ៉ាងណាដើម្បីឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍អប់រំមនុស្សឲ្យធ្វើអំពើល្អជានិច្ច។
ជាមួយគ្នានោះ អភិបាលខេត្តកំពង់ចាម បានស្នើសូមដល់គ្រប់វិហារគ្រីស្ទបរិស័ទទាំងអស់ គ្រប់ទីកន្លែង ជាពិសេសលោកគ្រូ-អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនតាមវិហារ ត្រូវបន្ថែមធ្វើការផ្សព្វផ្សាយ ដោយបញ្ជៀសនូវ បញ្ហាគ្រោះថ្នាក់ចរាចរ និងបញ្ហាគ្រឿងញៀនឲ្យកាន់តែច្រើន មិនថានៅទីណាឡើយ ព្រោះដើម្បីកាត់បន្ថយគ្រោះផង និងកាត់បន្ថយអត្រាអ្នកស្លាប់បន្ថែមទៀតផង៕