(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានបំពាក់ដោយឧបករណ៍សម្ភារ ប្រឆាំងបាតុកម្ម រួមមានខែល ដំបង គ្រាប់បែកផ្សែង និងកាំភ្លើងបាញ់គ្រាប់ផ្សែងបង្ហៀរទឹកភ្នែក បំពាក់អាវុធធុនស្រាល ដល់កម្លាំងសរុប៧៨៩នាក់ និងមធ្យោបាយដែលបម្រើដល់ការងារចេញប្រតិបត្តិការ ទប់ស្កាត់បង្រ្កាប រាល់សកម្មភាពទាំងឡាយណា ដែលមានចេតនាប៉ុនប៉ងញុះញង់បំផ្លាញការបោះឆ្នោត និងចេញប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ រក្សាសុវត្ថិភាព នាំមកនូវបរិយាកាសល្អ សម្រាប់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីស្នងការរង លោកមេបញ្ជាការវរៈការពារព្រំដែនទាំង៤ លោកនាយការិយាល័យជំនាញ និងលោកអធិការស្រុក-ក្រុងទាំង៩ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។
ស្នងការខេត្តបន្ទាយមានជ័យ បានថ្លែងថា ការបង្ហាញ និងការប្រមូលផ្តុំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ នៅពេលនេះ ដើម្បីការពារសន្តិសុខ ក៏ត្រូវគេមើលឃើញថាក្នុងរយៈពេលចុងក្រោយមុនថ្ងៃបោះឆ្នោត មានក្រុមប្រឆាំងនៅក្រៅស្រុក ក៏ដូចជាក្នុងស្រុកមួយចំនួនកំពុងបង្កើនកំដៅ នយោបាយប៉ុនប៉ងបំផ្លាញការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅពេលខាងមុខនេះ ដោយពួកគេប្រើប្រាស់រូបភាព ផ្សព្វផ្សាយព័ត៌មាន បំភិតបំភ័យប្រជាពលរដ្ឋកុំចេញទៅបោះឆ្នោត, ញុះញង់បំផុសបំផុលឱ្យប្រជាពលរដ្ឋតវ៉ាបង្កចលាចលក្នុងសង្គម និងប្រើប្រាស់រូបភាពការបំផ្ទុះគ្រាប់ដើម្បី ឱ្យប្រជាពលរដ្ឋភ័យខ្លាចជាដើម។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលក្រោមបង្គាប់ទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងរឹតបន្តឹងសន្តិសុខឱ្យបានគ្រប់គោលដៅ ដើម្បីដោះស្រាយ និងធានាឱ្យបានសន្តិសុខល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដំណើរការទៅមានបរិយាកាសល្អ គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា បោះឆ្នោតដោយសេរីយុត្តិធម៌។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានជំរុញកម្លាំងនគរបាលក្រោមបង្គាប់ទៀតថា កិច្ចការងារនៅក្នុងតំណាក់កាលនេះ ត្រូវត្រៀមអនុវត្តបទបញ្ជាថ្នាក់លើ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ដើម្បី បង្ការទប់ស្កាត់ និងបង្រ្កាបក្រុមបង្កចលាចលសង្គម ដែលប៉ុនប៉ងរាំរាំងមិនឱ្យប្រជាពលរដ្ឋចេញ ទៅបោះឆ្នោត៕