(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញការព្រួយបារម្ភពីការគំរាមកំហែង ចំពោះស្ថានភាពទឹកស្ទឹងព្រែកត្នោត ចំពោះខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើសិនទឹកបន្ដឡើង និងពុំមានការជួយអន្ដរាគមន៍ទាន់ពេលវេលានោះ។
ប្រឈមនឹងបញ្ហានេះ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានដឹកនាំមន្ដ្រីបច្ចេកទេស និងយកគ្រឿងចក្រទៅកាយទប់ស្កាត់ នៅទំនប់ស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ ដើម្បីបិតការហូរច្រោះ (រន្ធនាគ) ដែលបានកើតឡើងនៅទីនោះ។
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានបញ្ជាក់ថា «នៅពេលនេះលោករដ្ឋមន្ដ្រី បានដឹកនាំក្រុមបច្ចេកទេស និងគ្រឿងចក្រ កាយទប់ស្កាត់ការហូរច្រោះ ដែលកើតឡើងនៅទំនប់ស្ទឹងព្រែកត្នោត និងចាក់ដីកិនបន្ថែម ជៀសវាងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ»។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ចំពោះស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅផ្នែកខាងលើបានធូរស្រាលហើយ លើកលែងតែនៅផ្នែកខាងក្រោម ប៉ុន្ដែតាមការវាយតម្លៃរបស់រដ្ឋមន្ដ្រីក្រសួងធនធានទឹក បើសិនយើងអាចទប់ស្កាត់បាន ក្នុងរយៈពេលពី១០ ទៅ១២ម៉ោងខាងមុខទៀត នោះលែងមានការព្រួយបារម្ភ នៃការគំរាមកំហែង ជំនន់ទឹកភ្លៀងក្នុងខណ្ឌដង្កោ របស់រាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនោះទេ។
ជាវិធានការបន្ថែម លោករដ្ឋមន្ដ្រី បានបញ្ជាឲ្យទម្លាក់ទ្វារទឹករលាំងជ្រៃ ដើម្បីកាត់បន្ថយនៃការកើនឡើងកម្ពស់ទឹក នៅផ្នែកខាងក្រោម៕