(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឲ្យដឹងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមិនបានសុំចុះឈ្មោះ ជាអ្នកសង្កេតការណ៍ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅ គ.ជ.ប មិនអាចធ្វើសកម្មភាពបំពេញការងារ និងសេចក្ដីថ្លែងការណ៍នានា ដែលអាចសន្និដ្ឋានបានថា ជាការវាយតម្លៃលើការបោះឆ្នោតបានឡើយ។
នេះជាខ្លឹមសារចំណុចមួយ ក្នុងចំណោម៣ចំណុចសំខាន់ៗ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ដីពីការសង្កេតការណ៍បោះឆ្នោត របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។
គ.ជ.ប បានបញ្ជាក់ថា «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមិនបានសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅ គ.ជ.ប មិនអាចធ្វើសកម្មភាពបំពេញការងារ និងសេចក្ដីថ្លែងការណ៍នានា ដែលអាចសន្និដ្ឋានបានថា ជាការវាយតម្លៃលើការបោះឆ្នោតបានឡើយ»។
គ.ជ.ប បានគូសបញ្ជាក់ថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្ដទៅបានដោយរលូនល្អ តាមគោលការណ៍ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវអនុវត្តតាមសេចក្ដីណែនាំនេះឲ្យបានមានប្រសិទ្ធភាពខ្ពស់៕