(ពោធិ៍សាត់)៖ ក្រោយពីទទួលបានម៉ូតូម៉ាកស៊ុយស៊ូគីស្មាសរីវ៉ូ ចំនួន៤៩ គ្រឿងដែលជាអំណោយរបស់សម្រេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចមក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ប្រគល់ម៉ូតូ៤៩គ្រឿង ឱ្យទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៦ របស់ខេត្តពោធិ៍សាត់ ដើម្បីបម្រើដល់ដំណើរការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
ពិធីប្រគល់ជូនម៉ូតូទាំងនេះ ប្រព្រឹត្តឡើងនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែនការងារលោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន៣៥១នាក់ ផងដែរ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តាំផ្ញើរដល់ អស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពេលទទួលបានម៉ូតូនេះ ហើយត្រូវចេះថែរក្សា ឱ្យបានល្អដើម្បីប្រើប្រាស់បានយូរអង្វែង ក្នុងការចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន គ្រប់គ្រងសំដៅរក្សាបាននូវស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងផងដែរ។
លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ក៏បានរំឮកផងដែរថា ការបើកចែកជូនម៉ូតូដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលជាលើកទី៤ ហើយដែលក្រសួងមហាផ្ទៃ បានផ្តល់របបទោចក្រយានយន្ត (ម៉ូតូ) និងប្រេងសាំង១២០លីត្រ ព្រមទាំងថវិកា១,២០០,០០០រៀល ក្នុង១ប៉ុស្តិ៍ រយៈពេលមួយត្រីមាស ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងការបម្រើសេវាតម្រូវការ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាមួយគ្នានោះដែរមន្ត្រីនគរបាលត្រូវអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ធ្វើជាគំរូគោរពច្បាប់ចរាចរណ៍ និងមានមុខប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង ព្រមទាំងចូលគោលដៅ នៅរសៀលថ្ងៃទី២៨ ដែលមានការិយាល័យបោះឆ្នោត ចំនួន៧០៧ការិយាល័យ ដោយប្រើប្រាស់កម្លាំងចំនួន១.២១៥នាក់ ក្នុងកិច្ចការពារតាមការិយាល័យបោះឆ្នោតជើ្រសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យទទួលបានជោគជ័យ៕