Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ផ្លូវជាតិ និងផ្លូវក្នុងខេត្តសរុប១៣ខ្សែ កំពុងរងការខូចខាតដោយសារជំនន់ទឹកភ្លៀង, ក្រសួងសាធារណការ កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីសង្គ្រោះពលរដ្ឋ និងសម្រួលចរាចរណ៍

20-07-2018 16:14

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ​បានចេញសេចក្ដីជូនដំណឹងថា កំណាត់ផ្លូវជាតិលេខ២ លេខ៣ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ផ្លូវខេត្តលេខ១៤៨ លេខ៣៧៧ លេខ១៣៣២ លេខ១៣៣៣ លេខ១៣៣៥ លេខ១៥៩ដេ កំពុងតែទទួលការរងការខូចខាតស្រទាប់ផ្លូវ ផ្នែកខាងលើ ដោយការរថយន្ដទឹកទំនិញធុនធំ បើកបវាងពីផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវខេត្តលេខ១៣២ ដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង។

សេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រសួងសាធារណការ បានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតំបន់ដែលកំពុងមានបញ្ហា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ទៅមក របស់បងប្អូនប្រជាពលរដ្ឋ។

បើតាមក្រសួងសាធារណការ បន្ទាប់ពីឥទ្ធិពលសម្ពាធទាបនេះបានថយចុះទៅវិញ ក្រសួងនឹងចាប់ផ្ដើមជួសជុល និងស្ដារការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានឡើងវិញជាបន្ទាន់ ដើម្បីធានាឲ្យមាននិរន្ដរភាពចរាចរណ៍ជាប្រក្រតី។

យ៉ាងណាមិញ ក្រសួងក៏សុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ និងសាធារណជន ដែលមានការលំបាក ឬខកខានក្នុងការធ្វើដំណើរ ដោយឆ្លងកាត់កំណាត់ផ្លូវ ស្ពាន ដែលកំពុងរងការខូចខាត ហើយក៏សូមអរគុណចំពោះការចូលរួមសហការពីសំណាក់ប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួសជុល និងស្ដារ ផ្លូវ ស្ពានដែលខូចខាតឡើងវិញ។

សូមជម្រាបថា ជំនន់ទឹកភ្លៀងនេះ ដោយសារប្រទេសកម្ពុជាកំពុងទទួលរងនូវសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះ សុន ទីញ បានបង្កឲ្យមានភ្លៀងធ្លាក់ជោគជាំ មានជំនន់ទឹកភ្លៀងជន់លិចនៅតាមបណ្ដាខេត្តមួយចំនួន និងបានធ្វើឲ្យកំណាត់ខ្សែផ្លូវ ស្ពាន មួយចំនួនត្រូវបានកាត់ផ្ដាច់ចរាចរណ៍ទាំងស្រុង៕​