(កំពង់ស្ពឺ)៖ លោក លី សាម៉េត និងលោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងជាង៥០០គ្រួសារ មកពី៤ភូមិ នៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុង បរិវេណវត្តក្រោលគោពោធិ៍ព្រឹក្ស ។

អំណោយដែលយកទៅចែកជូន ប្រជាពលរដ្ឋពេលកំពុងជួបនូវទុក្ខលំបាក ដោយសារតែផ្ទះសំបែង ស្រែចំការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនេះរួមមាន គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា២ម៊ឺនរៀលក្នុងមួយគ្រួសារ។

លោក លី សាម៉េត អគ្គនាយករងក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលព័ត៌មានថា​បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និង ដើម្បីចូលរួមរំលែកទុក្ខលំបាក របស់បងប្អូន រូបលោក និងឧកញ៉ា ឌី ប៉ូ បានសំរេចទិញមី​ ត្រីខប្រអប់​ សារុង និងយកថវិកាមកចែកជូនបងប្អូនដែលជួបនូវ ការលំបាកពិតប្រាកដដោយក្នុងមួយគ្រួសារទទួលបានមី ត្រីខ សារុង និងថវិកា២ម៊ឺនរៀល ជាការចូលរួមចំណែកសំរាលទុក្ខលំបាក របស់បងប្អូន។

លោក លី សាម៉េត​ បានបន្តថា​ ដោយសារតែទឹកជន់លិចលង់ផ្ទះសំម្បែង ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះថែសុខភាពផ្ទាល់ខ្លួន​ ត្រូវដាំទឹកឆ្អិនហូបចៀសវាង កុំឱ្យមានជំងឺរាគរុសជាន់លើការលំបាកបន្ថែមទៀត ។ ​

លោកស្រី តាំង គឹមចេង មេឃុំអូរ បានឱ្យដឹងថា រយៈពេល៣ថ្ងៃមកនេះជំនន់ទឹកភ្លៀងពីភ្នំពេជ្រនិល និងភ្នំគិរីរម្យហូរជន់លិចភូមិចំនួន៤ នៅក្នុង ឃុំអូរ​បណ្តាល ឱ្យប្រជាពលរដ្ឋជាង៥០០គ្រួសារ (ស្ថិតិបឋម៣៦៧គ្រួសារ)រងគ្រោះ​លិច​លង់​ផ្ទះ​សម្បែងនិងទ្រព្យសម្បត្តិ សត្វពាហនៈ តែមិនរងគ្រោះដល់អាយុជីវិតពលរដ្ឋឡើយ។

លោកស្រីមេឃុំបន្តថា ប្រជាពលរដ្ឋរស់នៅទីនេះ ប្រកបរបរជីកទំពាំងលក់ ហើយបន្ទាប់ពីមានទឹកជំនន់ពួកគាត់​ មិនអាចទៅជីកទំពាំងបានធ្វើឱ្យជួបការខ្វះខាតយ៉ាង ខ្លាំង។ ប្រជាពលរដ្ឋមួយចំនួនមកស្នាក់នៅក្នុងវត្តចោលផ្ទះសម្បែង ។តាងនាមពលរដ្ឋរងគ្រោះ លោកស្រីសូមថ្លែងអំណរគុណដល់លោក លី សាម៉េត និងលោកឧកញ៉ា ឌី ប៉ូ ដែលបាននាំយកអំណោយមនុស្សធម៌មកជួយដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់នាពេលនេះ ដែលជាពេលពួកគាត់ត្រូវការជាចាំបាច់បំផុត។

លោក អ៊ូ យ៉ុង ប្រធានក្រុមប្រឹក្សាស្រុកភ្នំស្រួច បានឱ្យដឹងថា បន្ទាប់ពីមានទឺកជំនន់ប៉ុន្មានថ្ងៃនេះ ក្រុមការងារថ្នាក់ស្រុក និងឃុំបានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋពីថ្ងៃ ដំបូង​រហូតដល់ពេលនេះ​ និង​បន្តតាមដានជាប់ជាប្រចាំ​ ។ទោះយ៉ាងណាក៏ដោយមិនមានបងប្អូនប្រជាពលរដ្ឋរងគ្រោះដល់ជីវិតនោះទេ។លោកអ៊ូ យ៉ុងបន្តថា តាងនាម ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ លោកសូមថ្លែងអំណរគុណដល់លោកលី សាម៉េត និងលោកឧកញ៉ាឌី ប៉ូ ដែលបាននាំអំណោយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ រងគ្រោះនាពេលនេះ​ ហើយសង្ឃឹមថា​ នឹងមានសប្បុរសជនដទៃទៀតមកជួយប្រជាពលរដ្ឋជាបន្តបន្ទាប់​ ។

លោកបញ្ជាក់ថា​ទោះបីមានទឹកជំនន់យ៉ាងណាក៏មិនប៉ះពាល់ ដល់ការបោះឆ្នោះនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនោះទេ។ ​ នាឱកាសនោះដែរ លោកលី សាម៉េត និងលោកឧកញ៉ាឌី ប៉ូ បានជួយឧបត្ថម្ភដល់អាជ្ញាធរស្រុក​ ឃុំ​ ប៉ូលិស និង​ប្រគេនព្រះសង្ឃគង់នៅវត្តក្រោលគោពោធិ៍ព្រឹក្ស សរុបប្រមាណ៣០លានរៀលផងដែរ​ ៕