(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រ អនាគតនៅកម្ពុជា» ជាមួយក្រុមហ៊ុនហ្គោលដែន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធីភីអិលស៊ី នៅទីស្តីការ គ.ម.ក.។
គោលបំណង នៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីជំរុញការអភិវឌ្ឍទីផ្សារមូលបត្រអនាគត ក្នុងទិសដៅអភិវឌ្ឍនវិស័យមូលបត្រនៅកម្ពុជា និងដើម្បីចូលរួមចំណែក ក្នុងការអនុវត្តនូវគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយនូវហានិភ័យ នៃថ្លៃផលិតផលកសិកម្មបង្កើនការនាំចេញ ទាក់ទាញនូវការវិនិយោគពីបរទេស ព្រមទាំងលើកកម្ពស់នូវស្តង់ដារ និងគុណភាពនៃផលិតផលកម្ពុជា ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ គ.ម.ក. និងថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារមូលបត្រកម្ពុជា ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងវិស័យមូលបត្រ ដូចជាក្រុមហ៊ុនបោះផ្សាយក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនសមភាគីកណ្តាល ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងភ្នាក់ងារនៅក្នុងវិស័យមូលបត្រ ជាច្រើនរូបផងដែរ។
លោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក. បានថ្លែងថា អនុស្សារណៈនៃការយោគយល់គ្នានេះ ជាដំណើរឆ្ពោះទៅមុខមួយបន្ថែមទៀតរបស់វិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាការចូលរួមជំរុញនូវភាពជោគជ័យនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា តាមរយៈការចាប់ផ្តើមសិក្សាស្រាវជ្រាវពីការអភិវឌ្ឍទីផ្សារមូលបត្រអនាគតនៅកម្ពុជា។
លោកបន្តថា ការអភិវឌ្ឍទីផ្សារមូលបត្រអនាគតនេះ គឺមានបញ្ជាក់ និងកំណត់យ៉ាងជាក់លាក់នៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមលោក ស៊ូ សុជាតិ វត្តមានរបស់ទីផ្សារមូលបត្រអនាគត ពិតជាមានភាពចាំបាច់ណាស់សម្រាប់ប្រជាកសិករកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដូចជាផ្តល់ជាច្រកមួយសម្រាប់ប្រជាកសិករកម្ពុជាផ្សារភ្ជាប់ទៅនឹងទីផ្សារ ដែលអាចទទួលបាននូវព័ត៌មានពិតអំពីទីផ្សារ រួមមានតម្រូវការ និងយន្តការនៃការកំណត់ថ្លៃផលិតផលកសិកម្ម ប្រជាកសិករកម្ពុជានឹងក្លាយជាអ្នកកំណត់ថ្លៃផលិតផល ដែលពួកគាត់អាចដឹងអំពីតម្រូវការនៃគុណភាព និងស្តង់ដារនៃផលិតផលនៅក្នុងទីផ្សារ ដែលការណ៍នេះក៏នឹងជួយជំរុញនូវគុណភាពផលិតផលរបស់កម្ពុជាផងដែរ កាត់បន្ថយថ្លៃប្រតិបត្តិការដែលរួមមានថ្លៃអន្តរការីជាដើម និងកាត់បន្ថយនូវហានិភ័យនៃការធ្លាក់ថ្លៃនាពេលអនាគត តាមរយៈការចរចារ និងចុះកិច្ចសន្យាកំណត់ថ្លៃអនាគត ដែលទាំងនេះ នឹងជំរុញឱ្យមានប្រសិទ្ធភាពទីផ្សារ និងអាចលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
វត្តមាននៃទីផ្សារនេះ នឹងជួយទាក់ទាញនូវវិនិយោគិនបរទេស ភ្ជាប់ទីផ្សារកម្ពុជាទៅនឹងទីផ្សារពិភពលោក ដែលនឹងជួយឱ្យមានភាពប្រសើរឡើងក្នុងផ្នែកសមតុល្យពាណិជ្ជកម្មកម្ពុជា លើកកម្ពស់នូវវិស័យឧស្សាហកសិកម្ម ដែលអាចជំរុញបង្កើននូវផលិតផល និងផលិតកម្មក្នុងការផលិតក្នុងស្រុក និងសម្រាប់នាំចេញ ដែលទាំងនេះក៏នឹងជួយដល់ការកាត់បន្ថយអត្រានិកម្មភាពនៅកម្ពុជាផងដែរ៕